(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមតំណាងវិស័យកសិកម្មធំៗជាច្រើនរបស់អាមេរិក បានទទូចឲ្យសហរដ្ឋអាមេរិក បើកច្រកផ្លូវដែកចំនួនពីរនៅឯព្រំដែននៃរដ្ឋតិចសាស់-ម៉ិកស៉ិក ដើម្បីស្តារផ្លូវធ្វើពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីត្រូវបានបិទដោយសារតែ ការកើនឡើងនូវជនចំណាកស្រុកខុសច្បាប់ ដោយនិយាយថា ចំណាត់ការនោះ កំពុងរងការខាតបង់យ៉ាងខ្លាំងលើការនាំចេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋមន្រ្តីសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោក Alejandro Mayorkas ក្រុមទាំងនោះ ដែលតំណាងឱ្យអ្នកផលិតពោត ទឹកដោះគោ អង្ករ និងសណ្តែកសៀង ក្នុងចំណោមផលិតផលកសិកម្មផ្សេងៗទៀត បាននិយាយថា ផ្លូវឆ្លងកាត់គួរតែត្រូវបើកឲ្យដំណើរឡើងវិញ។ ពួកគេបានបញ្ជាក់ក្នុងលិខិតនោះថា «ជារៀងរាល់ថ្ងៃដែលច្រកឆ្លងកាត់ត្រូវបានបិទ យើងប៉ាន់ប្រមាណថាការនាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មជាច្រើនទៀត អាចនឹងត្រូវបាត់បង់ ហើយការទប់ស្កាត់ផលិតផលម្ហូបអាហារឆ្ពោះទៅកាន់ម៉ិកស៉ិក អាចនាំឲ្យមានអតិផរណា ឬអសន្តិសុខស្បៀងនៅទីនោះ»

ដោយឡែក ក្រុមហ៊ុនផ្លូវដែក និងក្រុមធុរកិច្ច រួមទាំងសភាពាណិជ្ជកម្មអាមេរិក ប៉ុន្មានថ្ងៃមកនេះក៏បានជំរុញដល់គយ និងមន្រ្តីការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បើកស្ពានផ្លូវដែកចំនួន ២នៅរដ្ឋតិចសាស់ឡើងវិញនូវ បន្ទាប់ពីអាជ្ញាធរព្រំដែនសហរដ្ឋអាមេរិកបានបិទ កាលពីថ្ងៃទី១៨ ខែធ្នូ ដើម្បីបញ្ឈប់លំហូរជនចំណាកស្រុកឆ្លងកាត់ព្រំដែន។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ទីភ្នាក់ងារផ្ទៃក្នុងដែល Reuters ទទួលបាន កងកម្លាំងល្បាតព្រំដែនអាមេរិក បានចាប់ខ្លួនជនចំណាកស្រុកប្រហែល ១០,៨០០នាក់នៅព្រំដែនភាគនិរតី កាលពីថ្ងៃចន្ទដើមសប្តាហ៍ ដោយមន្ត្រីអាមេរិកមួយចំនួន និយាយថា តួលេខនេះគឺជាកំណត់ត្រាខ្ពស់សម្រាប់រយៈពេល ១ថ្ងៃ៕

រូបភាពពី Reuters