(មូស្គូ)៖ សារព័ត៌មានអង់គ្លេស BBC បានរាយការណ៍ថា អតីតទាហានម៉ារីនអាមេរិក លោក Paul Whelan ដែលត្រូវបានកាត់ទោស​ដាក់ពន្ធនាគារនៅប្រទេសរុស្ស៉ី ពីបទធ្វើចារកម្ម បាននិយាយថា រូបលោកមានអារម្មណ៍ប្រៀបដូចជា ត្រូវបានសហរដ្ឋអាមេរិកបោះបង់ចោលយ៉ាងដូច្នោះ ដ្បិតមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៉ីនតោននៅតែ មិនទាន់អាចផ្តល់សំណើណាមួយ ដែលរុស្ស៉ីអាចទទួលយកបាន ដើម្បីធ្វើការដោះដូរអ្នកទោសគ្នាដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។

លោក Whelan ដែលបានបដិសេធបទចោទប្រកាន់ធ្វើចារកម្ម នៅក្នុងទឹកដីរុស្ស៉ី ត្រូវបានទីភ្នាក់ងារសន្តិសុខសហព័ន្ធរបស់រុស្ស៉ី FSB ចាប់ខ្លួន នៅបន្ទប់មួយក្នុងសណ្ឋាគារ Metropol Hotel នៃរដ្ឋធានីមូស្គូ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។ ក្រុមអ្នកស៉ើបអង្កេតរុស្ស៉ីបានអះអាងថា អំលុងពេលចាប់ខ្លួននោះ គឺលោក Whelan ត្រូវរកឃើញថា មានឧបករណ៍ flash drive មួយ ផ្ទុកនូវទិន្នន័យសម្ងាត់។

សហរដ្ឋអាមេរិក ធ្លាប់បានបដិសេធជាច្រើនលើកច្រើនសា ចំពោះការចោទប្រកាន់ថា លោក Whelan ជាចារជនរបស់ខ្លួន ហើយបាន​ទាមទារឱ្យមានការដោះលែង លោកវិញជាបន្ទាន់។ ទីក្រុងវ៉ាស៉ីនតោន បានដាក់សំណើមួយចំនួនទៅកាន់រុស្ស៉ី ដើម្បីព្យាយាមនាំយកលោក Whelan ត្រឡប់មកផ្ទះវិញ តែមិនជោគជ័យ។ យ៉ាងណាក្តី អតីតកងម៉ារីនរូបនេះ បានប្រាប់សារព័ត៌មាន BBC ថា រូបលោកមានអារម្មណ៍ប្រៀបដូចជា​ត្រូវបានអាមេរិកបោះបង់ចោល ហើយលោកបានសង្កត់ធ្ងន់ថា ការដោះដូរអ្នកទោសកន្លងទៅចុងក្រោយគេ ដែលទុករូបលោកចោលនៅរុស្ស៉ីដដែល គឺជាអំពើក្បត់ដ៏ធ្ងន់ធ្ងរមួយ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ តារាបាល់បោះអាមេរិកម្នាក់ ត្រូវបានដោះលែងចេញពីពន្ធនាគាររុស្ស៉ី ក្រោមការដោះដូរអ្នកទោស​ជាមួយរុស្ស៉ី ខណៈលោក Whelan មិនត្រូវបានដោះលែង ក្រោមកិច្ចព្រមព្រៀងនោះទេ។ ដោយឡែក ក្នុងខែធ្នូនេះ នៅពេលត្រូវបាន​សាកសួរ អំពីលទ្ធភាពនៃការព្រមព្រៀងគ្នា ដោះដូរអ្នកទោសជាមួយអាមេរិក សម្រាប់អ្នកកាសែត Wall Street Journal ឈ្មោះ Evan Gershkovich និងលោក Whelan ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោកសង្ឃឹមថា នឹងអាចឈានដល់​កិច្ចព្រមព្រៀងមួយ ប៉ុន្តែលោកបានបន្ថែមថា ខាងសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែស្តាប់តាមលក្ខខណ្ឌរបស់រុស្ស៉ី៕

រូបភាពពី Reuters