(ប៉េកាំង)៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក Li Qiang នាយករដ្ឋមន្រ្តីចិននិងលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលកំពុងបំពេញទស្សកិច្ច នៅប្រទេសចិនបានធ្វើជាសហអធិបតី ក្នុងកិច្ចជំនួបតាមពេលកំណត់ រវាងនាយករដ្ឋមន្ត្រីចិន-រុស្ស៊ីលើកទី២៨ នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។

លោក Li Qiang បានថ្លែងថាភាគីចិនរីករាយរួមជាមួយភាគីរុស្ស៊ីដោយចាត់ទុកខួប ទី៧៥នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងរុស្ស៊ី ជាឱកាសមួយដើម្បីអនុវត្តជាក់ស្តែង នូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរបន្តវេននិងផ្សព្វផ្សាយដោយឥតឈប់ឈរ នូវមិត្តភាពប្រពៃណី រវាងចិននិងរុស្ស៊ីជំរុញឱ្យទំនាក់ទំនងចិននិងរុស្ស៊ី សម្រេចបានការអភិវឌ្ឍកាន់តែច្រើនបន្តបង្កើន ផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីដាក់បញ្ចូលកម្លាំងវិជ្ជមាននិងស្ថិរភាពកាន់តែច្រើន ដល់ពិភពលោក។

លោក Mishustin បានចូលរួមរំលែកទុក្ខជាមួយភាគីចិន ចំពោះករណីគ្រោះរញ្ជួយដីនៅស្រុក Jishishan មណ្ឌល Linxia ខេត្ត Gansu ប្រទេសចិនដែលបណ្តាលឱ្យ មានមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួស។ លោកបានថ្លែងថា ភាគីរុស្ស៊ីរីករាយរួមជាមួយភាគីចិន អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់ របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មថាមពល និងការវិនិយោគជាដើមធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានភាពស៊ីជម្រៅបង្កើន ការសម្របសម្រួល ក្នុងយន្តការពហុភាគីដូចជាអង្គការសហ ប្រជាជាតិនិងប្រទេស BRICS ជាដើម ដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិន ឡើងដល់កម្រិតកាន់តែខ្ពស់។

លោក Li Qiang និងលោក Mishustin ក៏បានរួមគ្នាប្រកាសបិទឆ្នាំផ្លាស់ប្តូរកីឡារវាង ចិននិងរុស្ស៊ី២០២២-២០២៣ ហើយភាគីទាំងពីរនឹងប្រារព្ធឆ្នាំវប្បធម៌ចិន-រុស្ស៊ី ២០២៤-២០២៥ ឱ្យបានល្អ។ បន្ទាប់ពីកិច្ចជំនួបនាយករដ្ឋមន្ត្រី នៃប្រទសទាំងពីរបានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍ នៃកិច្ចជំនួបតាមពេលកំណត់រវាងនាយករដ្ឋមន្ត្រីចិន និងរុស្ស៊ីលើកទី២៨» ព្រមទាំងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ កំណត់ហេតុកិច្ចប្រជុំនៃគណៈកម្មាធិការដែលពាក់ព័ន្ធនឹង ឯកសារសហប្រតិបត្តិការទ្វេភាគីជាច្រើន ដូចជាគយការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យនិងការឃ្លាំងមើលទីផ្សារជាដើម៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា