(ប៉េកាំង)៖ ព្រឹកថ្ងៃទី២០ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ីដែលអញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមកិច្ចជំនួបតាមពេលកំណត់ រវាងនាយករដ្ឋចិន-រុស្ស៊ីលើកទី២៨។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនជំរុញយ៉ាងមុតមាំនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងជំរុញការបើកទូលាយចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ ដែលនឹងផ្តល់ឱកាសថ្មីសម្រាប់ការអភិវឌ្ឍ នៃបណ្តាប្រទេសនានាក្នុងនោះបូករួមទាំងរុស្ស៊ីផងដែរ។

ភាគីទាំងពីរចិននិងរុស្ស៊ីគួរបន្ថែមខ្លឹមសារថ្មីជាបន្តបន្ទាប់ សម្រាប់កិច្ចសហប្រតិបត្តិការ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលនិងការតភ្ជាប់គ្នាជាដើម រួមគ្នាគាំពារសន្តិសុខនិងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្ម។ ភាគីទាំងពីរនឹងប្រារព្ធឆ្នាំវប្បធម៌ចិន-រុស្ស៊ីនៅឆ្នាំក្រោយនិងឆ្នាំក្រោយមួយដើម្បីពង្រឹងមូលដ្ឋានគ្រឹះ នៃសង្គមនិងបំណងប្រជាជនចំបោះចំណងមិត្តភាពគ្រប់ជំនាន់ រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Mishustin បានថ្លែងថា ភាគីរុស្ស៊ីមានឆន្ទៈការធ្វើជាមួយភាគីចិនដើម្បីត្រួសត្រាយបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលនិងការតភ្ជាប់គ្នាជាដើម ប្រារព្ធឆ្នាំវប្បធម៌ឱ្យបានល្អ ដើម្បីពង្រឹងចំណងមិត្តភាពគ្រប់ជំនាន់រវាងប្រទេសទាំងពីរ។ លោកនៅបានពាំនាំការសួរសុខទុក្ខរបស់រដ្ឋាភិបាល និងប្រជាជនរុស្ស៊ីចំពោះលោក Xi Jinping អំពីគ្រោះរញ្ជួយដីនៅខេត្ត Gansu ផងដែរដោយបង្ហាញថា ភាគីរុស្ស៊ីមានឆន្ទៈផ្តល់ជំនួយ តាមតម្រូវការរបស់ចិន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា