(ប៉េកាំង)៖ ខែធ្នូឆ្នាំ ១៩៧៨ ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយដ៏សំខាន់បំផុតមួយ ដែលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ចំពោះការកែប្រែជោគវាសនារបស់ប្រទេសជាតិ គឺគោលនយោបាយ «កំណែទម្រង់និងបើកចំហ» ។ វាជារបត់ប្រវត្ថិសាស្ត្រដ៏អស្ចារ្យ ដែលដឹកនាំនាវាយក្សនៃប្រទេសចិន ឱ្យឆ្ពោះទៅរកការអភិវឌ្ឍនិងវិបុលភាព និងនាំឱ្យប្រទេសចិនតភ្ជាប់ជាមួយពិភពលោកជាថ្មីឡើងវិញ។

៤៥ ឆ្នាំមុន ប្រទេសចិនកង្វះខាតសម្ភារៈយ៉ាងខ្លាំង ការផ្គត់ផ្គង់ស្បៀងនិងទំនិញធ្វើឡើងយ៉ាងត្បិតត្បៀត ពោលគឺចែកតាមរបប ដោយមិនអាចទិញតាមចិត្តនោះទេ គ្រួសារនីមួយៗមានរបបរៀងៗខ្លួន។ ឯបច្ចុប្បន្ន ទាំងស្បៀងនិងសម្ភារៈគ្រប់បែបយ៉ាង ទាំងផលិតក្នុងស្រុកនិងនាំចូលពីបរទេស មាននៅពាសទឹកពាសដី ប្រជាពលរដ្ឋអាចរកទិញបានតាមចិត្ត ។ ភាពសម្បូរសប្បាយក្រោមគោលនយោបាយកំណែទម្រង់និងបើកចំហ បានលើកមុខលើកមាត់ប្រទេសចិន ឱ្យមានឋានៈខ្ពស់លើឆាកអន្តរជាតិ ដែលប្រកបដោយឥទ្ធិពលនិងសមត្ថភាពខ្ពស់ ក្នុងការជួយសម្របសម្រួល និងដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ។

៤៥ ឆ្នាំកន្លងមកនេះ ប្រទេសចិនដែលប្រកាន់យកមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព និងគោលនយោបាយកំណែទម្រង់និងបើកចំហ បានជំរុញឱ្យប្រទេសជាតិតភ្ជាប់ដោយមេត្រីភាព ជាមួយបណ្តាប្រទេសលើពិភពលោក។ សក្តានុពលទីផ្សារដ៏ធំធេងរបស់ចិន បានផ្តល់កាលានុវត្តភាពសម្រាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ ហើយកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមិនត្រឹមតែបានពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី និងពហុភាគីរវាងប្រទេសចិន និងប្រទេសជាមិត្តប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជនចិននិងប្រជាជននៃប្រទេសនានាផងដែរ។

៤៥ ឆ្នាំកន្លងមកនេះ គោលនយោបាយកំណែទម្រង់និងបើកចំហ បានជំរុញឱ្យសេដ្ឋកិច្ចចិនមានការអភិវឌ្ឍបែបលោតផ្លោះ ដែលផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ ១៩៧៨ មានត្រឹមតែ ៣៦៧៩០០ លានយាន់ប្រាក់ចិនប៉ុណ្ណោះ តែនៅឆ្នាំ ២០២២ GDP របស់ចិនមានដល់ទៅជាង ១២១ ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើងជិត ៣៥០ ដង ព្រមទាំងបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោកនិងជាប្រទេសដែលផ្តល់ជំនួយច្រើនបំផុត ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។

៤៥ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានក្លាយពីប្រទេសមួយក្នុងចំណោមប្រទេស ដែលមានចំនួនជនក្រីក្រច្រើនបំផុតលើពិភពលោក ទៅជាប្រទេសទីមួយលើពិភពលោកដែលប្រជាជនក្រីក្រទូទាំងប្រទេស បានចាកចេញពីភាពក្រីក្រទាំងស្រុង ។ បុព្វហេតុដ៏អច្ឆរិយនេះត្រូវបានកត់ត្រា ក្នុងទំព័រប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយបទពិសោធនិងគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតអង្គការសហប្រជាជាតិជាច្រើនលើក ដើម្បីចែករំលែកជាមួយប្រទេសនានា។

៤៥ ឆ្នាំកន្លងមកនេះ បច្ចេកវិទ្យារបស់ចិនមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានបោះជំហានពីការអភិវឌ្ឍទៅកាន់ការច្នៃប្រឌិតថ្មី ។ សម្ភារៈទំនើបៗរាប់មិនអស់ក្នុងជីវភាពប្រចាំថ្ងៃបានកើតចេញ ពីសមិទ្ធផលនៃការស្រាវជ្រាវនិងអភិវឌ្ឍខាងបច្ចេកវិទ្យារបស់ចិន ពិសេសនាវាមុជទឹកផ្ទុកមនុស្សដែលអាចមុជ ចូលជម្រៅទឹកសមុទ្របានជាង ១ ម៉ឺនម៉ែត្រ , នាវាផ្ទុកយន្តហោះ , នាវាអាចបំបែកផ្ទាំងទឹកកកសម្រាប់ការសិក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រនៅប៉ូលខាងជើង , យន្តហោះខ្នាតយក្សC919 , ផ្កាយរណបគ្រប់ប្រភេទដែលបម្រើការលើគ្រប់វិស័យ , យានអវកាសរុករកភពព្រះចន្ទនិងព្រះអង្គារ , យានអវកាសផ្ទុកមនុស្ស , ស្ថានីយអវកាស ។ល។ សមិទ្ធផលខាងវិទ្យាសាស្ត្រទាំងនេះបានកើតចេញពី ការបើកទូលាយរបស់ចិនដែលបានរៀនសូត្របទពិសោធល្អៗ ពីបរទេសផងគួបផ្សំជាមួយនឹងការច្នៃប្រឌិតថ្មីរបស់ខ្លួនផង។

៤៥ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានក្លាយពីអ្នកដែលខិតខំអភិវឌ្ឍខ្លួនឯង ទៅជាអ្នកដែលរួមចំណែកដ៏សំខាន់បំផុតនៃការអភិវឌ្ឍ សន្តិភាព ស្ថិរភាពនិងវិបុលភាពពិភពលោក។ បន្ទាប់ពីទទួលបានសមិទ្ធផលអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់ ប្រទេសចិនបានចែករំលែក កាលានុវត្តភាពអភិវឌ្ឍន៍ របស់ខ្លួនជាមួយពិភពលោកនិងផ្តល់ជំនួយ ដល់ប្រទេសដែលមានតម្រូវការ។ តាមរយៈគំនិតផ្តួចផ្តើម មានលក្ខណៈសកលជាច្រើន រួមមានគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» , គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល , គំនិតផ្តួចផ្តើមសន្តិសុខសកល , គំនិតផ្តួចផ្តើមអរិយធម៌សកល , និងគំនិតផ្តួចផ្តើមស្តីពីការកសាង សហគមន៍រួមជោគវាសនារបស់មនុស្សជាតិជាដើម ដែលជាពុទ្ធិនិងជា «ផែនការចិន» សម្រាប់ជាគំនិតពិចារណា ក្នុងការដោះស្រាយបញ្ហាសកល និងជំរុញការអភិវឌ្ឍនិងវិបុលភាពរួម។

មានកំណែទម្រង់ បរិវត្តកម្ម នវានុវត្តន៍និងបរិយាបន្ន ទើបមានការអភិវឌ្ឍនិងអាចដើរទាន់ចរន្តនៃយុគសម័យ អាស្រ័យហេតុនេះទើបប្រទេសចិនអាចទទួលបាន សមិទ្ធផលកសាងនិងអភិវឌ្ឍន៍ជាតិដ៏ធំធេងនាពេលកន្លងមកនេះ ។ ថ្នាក់ដឹកនាំចិនបានលើកឡើងថា៖ «ទ្វារបើកចំហរបស់ចិននឹងមិនបិទជាដរាប ពោលមានតែកាន់តែបើកកាន់តែធំ ជាពិសេសនឹងធ្វើការអភិវឌ្ឍតាមរយៈការបើកចំហ ក្នុងកម្រិតខ្ពស់ចំពោះបរទេស»។ ជាក់ស្តែង ការអភិវឌ្ឍរបស់ចិនបានផ្តល់ជាកម្លាំងចលករ និងកាលានុវត្តភាពជាច្រើនចំពោះពិភពលោក តាមរយៈការបើកចំហចំពោះបរទេស យើងអាចជឿជាក់បានថា ប្រទេសចិននឹងនាំមកនូវផលប្រយោជន៍ កាន់តែច្រើនថែមទៀតសម្រាប់ប្រជាជនពិភពលោក ដើម្បីសម្រេចការកសាងសហគមន៍រួមជោគវាសនា របស់មនុស្សជាតិនៅទីបំផុត៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន