(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ដល់ពលរដ្ឋរបស់លោកឲ្យត្រៀមខ្លួន សម្រាប់រលកថ្មីនៃការវាយលុករបស់រុស្ស៉ីក្នុងរដូវរងា ជាលើកទី២។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី បានថ្លែងថា «រុស្ស៉ីកំពុងរៀបចំសម្រាប់ការវាយប្រហារ ដូចនេះហើយការយកចិត្តទុកដាក់ទាំងអស់ គួរតែផ្តោតលើការការពារ ការឆ្លើយតបទៅ នឹងក្រុមភេរវករ (រុស្ស៉ី) តាមដែលអ៊ុយក្រែនអាចធ្វើបាន ដើម្បីឆ្លងឲ្យផុតរដូវរងា ហើយត្រូវបង្កើនសមត្ថភាពទាហានរបស់យើង»

ការអំពាវនាវរបស់លោកប្រធានាធិបតីអ៊ុយក្រែនទៅកាន់ប្រជាជន ធ្វើឡើងនៅខណៈកងកម្លាំងរុស្ស៉ី បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ស្របពេលដែលសីតុណ្ហភាពក្នុងរដូវរងា ចាប់ផ្តើមធ្លាក់ចុះដល់កម្រិតក្រោមសូន្យនៅតាមផ្នែកខ្លះនៃប្រទេស។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តដ៏ធំរបស់អ៊ុយក្រែន Kyivstar បានរងនូវការវាយប្រហារតាមអ៉ីនធឺណេត មិនធ្លាប់មាន គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ Kyivstar ជាអ្នកផ្គត់ផ្គង់សេវាទូរស័ព្ទ និងអ៉ីនធឺណិត ដល់ជាងពាក់កណ្តាលនៃ ចំនួនប្រជាជនអ៊ុយក្រែនសរុប៕

រូបភាពពី Reuters