(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល កាលពីថ្ងៃពុធ ទី២០ ខែធ្នូនេះបានបង្គាប់ឱ្យប្រជាជនប៉ាឡេស្ទីន ជម្លៀសខ្លួនចេញពីទីតាំងមួយផ្នែកធំនៃទីក្រុងដ៏ធំបំផុត នៅភាគខាងត្បូងហ្កាហ្សា។ នេះបើតាមអង្គការសហប្រជាជាតិ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ឬហៅកាត់ថា OCHA បានឱ្យដឹងថាអ៉ីស្រាអែលបានបញ្ចេញផែនទីបង្ហាញថាទីតាំង ថ្មីៗដែលគ្របដណ្ដប់ ២០ភាគរយ នៃទីក្រុង Khan Yunis ស្ថិតនៅភាគខាងត្បូងហ្កាហ្សា។ តាម OCHA នៅមុនសង្រ្គាមផ្ទុះឡើង ទីតាំងនេះមានប្រជាជនប៉ាឡេស្ទីន ជាង ១១០,០០០នាក់រស់នៅ បូករួមទាំងជនភៀសខ្លួនប៉ាឡេស្ទីនជាង ១៤០,០០០នាក់ ដែលក្នុងចំណោមពួកគេមានមួយភាគធំ ត្រូវបានអ៉ីស្រាអែលបង្គាប់ឱ្យ ជម្លៀសខ្លួនចេញពីភាគខាងជើង ទៅកាន់ភាគខាងត្បូងហ្កាហ្សា នៅពេលសង្រ្គាមផ្ទុះឡើងដំបូង។

ការបង្គាប់របស់អ៉ីស្រាអែលឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនជាថ្មីនេះ កើតមានឡើងបន្ទាប់ពីយោធាអ៉ីស្រាអែល ក្នុងថ្ងៃពុធដដែលនោះបានប្រកាសពីការវាយលុក ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកប្រឆាំងនឹងក្រុមហាម៉ាស។

គួរបញ្ជាក់ថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងក្រោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ បើកការវាយប្រហារលើភាគខាងត្បូង អ៉ីស្រាអែល ដោយសម្លាប់មនុស្ស ១,១៤០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ នេះបើតាមតួលេខចុងក្រោយរបស់ក្រុមមន្ត្រីអ៉ីស្រាអែល។ ចំណែក ក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា ក៏បានអះអាងដែរថាជនជាតិប៉ាឡេស្ទីន កើនដល់ ២០,០០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល៕

រូបភាពពី Reuters