(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានសមភាគីហ្វីលីពីនរបស់លោកថាទីក្រុងម៉ានីល ត្រូវតែធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ខណៈទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងស្ថិតនៅលើផ្លូវបំបែក។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។

តាមក្រសួងការបរទេសចិន ការព្រមានរបស់លោក វ៉ាង យី ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅនេះ។ លោក វ៉ាង យី ក៏បានសង្កត់ធ្ងន់ដែរថាចិន និងហ្វីលីពីន កំពុងប្រឈមនឹងស្ថានការណ៍ដ៏លំបាកនៅក្នុងទំនាក់ទំនងរវាង ប្រទេសទាំង២ ដោយសារតែការផ្លាស់ប្ដូរគោលនយោបាយរបស់ទីក្រុងម៉ានីល។

លោក វ៉ាង យី បានគូសបញ្ជាក់ដូច្នេះថា «ទំនាក់ទំនងរវាងចិន និងហ្វីលីពីន បច្ចុប្បន្នកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាក...ហើយដើមហេតុគឺមកពីហ្វីលីពីន បានផ្លាស់ប្ដូរគោលនយោបាយ និងការប្ដេជ្ញាចិត្តយូរអង្វែងមកហើយរបស់ខ្លួន ដោយបន្តបង្កហេតុ ព្រមទាំងបង្កភាពច្របូលច្របល់នៅក្នុងដែនសមុទ្រ និងបំផ្លាញ សិទ្ធិស្របច្បាប់របស់ចិន»។ ប្រមុខការទូតចិនរូបនេះបន្ថែមថាទំនាក់ទំនងរវាងចិន និងហ្វីលីពីន កំពុងស្ថិតនៅលើផ្លូវបំបែក ពោលគឺត្រូវប្រឈមនឹងជម្រើសថាតើ ត្រូវដើរទៅទីណា ហើយហ្វីលីពីនត្រូវតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន។

គួរបញ្ជាក់ថា ហ្វីលីពីន កាលពីថ្ងៃទី១១ ខែធ្នូ បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល ឱ្យចូលជួបដើម្បីសម្ដែងការតវ៉ា ក្រោយឆ្មាំសមុទ្រហ្វីលីពីន ចោទថានាវាឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹក ដាក់ទូករបស់ខ្លួនដែលកំពុងធ្វើបេសកកម្មផ្គត់ផ្គង់សម្ភារៈចាំបាច់ ដល់អ្នកនេសាទ និងទាហានហ្វីលីពីន មួយក្រុមតូច ដែលកំពុងឈរជើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ នៅក្នុងឧប្បត្តិហេតុនោះ ក៏មានការបុកទង្គិចគ្នារវាងនាវាចិន និងទូកហ្វីលីពីន ផងដែរ ហើយទាំងប៉េកាំង និងម៉ានីល បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក៕

រូបភាពពី AFP