(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគំរាមថាទីក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរឡើយក្នុងការបើកការវាយប្រហារដោយ ប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើរងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។

ការគំរាមរបស់លោក គីម ជុងអ៊ុន ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបើកកិច្ចប្រជុំមួយកាលពីសប្ដាហ៍មុន ក្នុងទីក្រុងវ៉ាស៊ីនតោន ជាទីដែលពួកគេពិភាក្សាពីលទ្ធភាពប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណីសង្រ្គាមជាមួយកូរ៉េខាងជើងផ្ទុះឡើង។ កិច្ចប្រជុំនេះក៏មានរួមបញ្ចូលដែរពី កិច្ចពិភាក្សាស្ដីពីផែនការយុទ្ធសាស្ត្រ និងនុយក្លេអ៊ែរ ហើយទីក្រុងវ៉ាស៊ីនតោនថែមទាំងព្រមានទៀតផងថាការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ណាមួយរបស់ទីក្រុងព្យុងយ៉ាងលើសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់អាមេរិក នោះវានឹងនាំទៅរកថ្ងៃអវសាននៃរបបដឹកនាំលោក គីម ជុងអ៊ុន។

តែទោះជាបែបនេះក្ដី លោក គីម ជុងអ៊ុន បានប្រាប់កងកម្លាំងមីស៊ីលនៃយោធាកូរ៉េខាងជើង កុំស្ទាក់ស្ទើរឱ្យសោះក្នុងការបើកការវាយប្រហារដោយ ប្រើអាវុធនុយក្លេអ៊ែរ នៅពេលដែលសត្រូវហ៊ានរករឿងជាមួយអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ប្រើឥន្ធនៈរឹង Hwasong-18 ហើយថាការធ្វើតេស្ដនេះគឺជាសារព្រមានមួយប្រឆាំងនឹងអ្វីដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការគំរាមកំហែងយោធាពីសំណាក់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក៕