(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅនេះបានប្រកាសពីការបង្កើតក្រុមចម្រុះអន្តរជាតិមួយមានឈ្មោះថា Prosperity Guardian ក្នុងគោលបំណងការពារកប៉ាលដឹកទំនិញពីការវាយប្រហារពីសំណាក់ក្រុមហ៊ូទីយេម៉ែនដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក។ ក្រុមចម្រុះនេះមាន ប្រទេសជាសមាជិកចំនួន១០ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៉ីតាលី ហូឡង់ ន័រវែស សីស្ហែល (Seychelles) និងអេស្ប៉ាញ។

ការបង្កើតក្រុមចម្រុះនេះកើតមានឡើង បន្ទាប់ពីក្រុមហ៊ូទីកាលពីថ្ងៃទី៩ ខែធ្នូ បានព្រមានជាសាធារណៈថាពួកគេនឹងដាក់គោលដៅវាយប្រហារលើកប៉ាល់ទាំងអស់ ដែលធ្វើដំណើរឆ្ពោះទៅកាន់អ៉ីស្រាអែល ដោយឆ្លងកាត់តាមសមុទ្រក្រហម ជាការបង្ហាញការប្រឆាំងទៅនឹងសង្រ្គាមរបស់អ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ ចាប់តាំងពី ពេលនោះមក ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះបានដឹកនាំការវាយប្រហារយ៉ាងហោច ១០លើកលើកប៉ាល់ដឹកទំនិញឆ្លងកាត់សមុទ្រក្រហម ដោយបង្កការ រំខានធ្ងន់ធ្ងរការធ្វើពាណិជ្ជកម្មតាមសមុទ្រក្នុងតំបន់។ ជាការឆ្លើយតបទៅនឹងការវាយប្រហារដែលកំពុងកើតឡើង ក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួន៤ ក្នុងចំណោម៥ នៅលើ ពិភពលោក ដូចជាក្រុមហ៊ុន Maersk របស់ដាណឺម៉ាក, CMA CGM របស់បារាំង, Hapang-Lloyd របស់អាល្លឺម៉ង់ និង MSC របស់ស្វីស បានប្រកាសពីផែនការ ផ្អាកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្រុមហ៊ុនទាំង៤នេះរួមបញ្ចូលគ្នា គឺតំណាងឱ្យជាង ៥០ភាគរយនៃសមត្ថភាពដឹកជញ្ជូន ទូរកុងតឺន័រតាមសមុទ្ររបស់ពិភពលោក។ កាលពីថ្ងៃទី១៦ ខែធ្នូ ក្រុមហ៊ុនប្រេង និងឧស្ម័ន BP របស់ចក្រភពអង់គ្លេសក៏បានសម្រេចចិត្តផ្អាកការដឹកជញ្ជូនទាំងអស់ របស់ខ្លួនឆ្លងកាត់សមុទ្រក្រហមផងដែរ។

ក្រុមចម្រុះ Prosperity Guardian ដឹកនាំដោយសហរដ្ឋអាមេរិក នឹងត្រូវធ្វើប្រតិបត្តិការក្រោមក្របខណ្ឌប្រតិបត្តិការ Combined Task Force 153 ដែលមានស្រាប់ ផ្តោតលើការការពារសន្តិសុខក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden ស្ថិតក្រោមកងកម្លាំងមកពីប្រទេសចំនួន៣៩ជាសមាជិក ឬហៅកាត់ថា CMF មានមូលដ្ឋាន ក្នុងប្រទេសបារ៉ែន។ ប៉ុន្តែ ចំនួនកងទ័ព និងនាវាចម្បាំងនៅក្នុងក្រុមចម្រុះ Prosperity Guardian មិនទាន់មានការបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។ កាលពីដើមខែធ្នូកន្លងទៅ ក្រុមមន្ត្រីអាមេរិកបាននិយាយថាកិច្ចពិភាក្សាច្រើនជាមួយ CMF ផ្តោតជាសំខាន់លើភារកិច្ចអមដំណើរការពារកប៉ាល់ដឹកទំនិញឆ្លងកាត់សមុទ្រក្រហម។ ជាការអនុវត្តជាក់ស្ដែង ការអមដំណើរបែបនេះនឹងផ្ដល់លទ្ធភាពដល់នាវាចម្បាំងបាញ់ទម្លាក់មីស៊ីល ឬយន្ដហោះដ្រូនដែលមានគោលដៅលើកប៉ាល់ដឹកទំនិញ ព្រមទាំងកំញើញក្រុមហ៊ូទីកុំឱ្យចូលទៅ ក្បែរ ឬបង្ខំឱ្យកាពីទែនកប៉ាល់ បកក្បាលប្ដូរទិសដៅធ្វើដំណើរទៅកាន់យេម៉ែន ដែលនេះជាតាក់ទិកមួយរបស់ក្រុមហ៊ូទីប្រើកន្លងមក មុននឹងបើកការវាយប្រហារ។ ការអមដំណើរ នេះក៏អាចឱ្យក្រុមចម្រុះធ្វើសកម្មភាពភា្លមៗដែរ ពេលមានការហៅរកជំនួយ ដូចជាមានការប៉ុនប៉ងឡើងលើកប៉ាល់ ឬការប្លន់កប៉ាល់កើតមាន។ ប៉ុន្តែ បញ្ហាធំ គឺនៅត្រង់ថា ការធ្វើដំណើរដោយមានការអមដោយក្បួននាវាចម្បាំង អាចនឹងធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនខាតបង់ ដែលអាចនឹងធ្វើឱ្យពួកគេស្ទាក់ស្ទើរក្នុងការចាប់ផ្ដើមប្រតិបត្តិការទាំងស្រុង ឡើងវិញ។ ពីព្រោះតាមក្បួនឡូហ្ស៉ីស្ទីក ការធ្វើដំណើរតាមផ្លូវទឹកដោយមានការអមដំណើរការពារពីក្បួននាវា គឺតម្រូវឱ្យកប៉ាល់ធ្វើដំណើរជាក្រុមប្រមូលផ្ដុំគ្នា ដែលនេះនឹងធ្វើឱ្យ ការធ្វើដំណើរមានភាពយឺតយ៉ាវ ហើយក៏ងាយរងគ្រោះនឹងការវាយប្រហារពីក្រុមហ៊ូទីដែរ។ ដូច្នេះ ពួកគេប្រហែលជាអាចនឹងជ្រើសរើសយកផ្លូវវៀង​ តួយ៉ាងដូចជាឆ្នេរខាងត្បូងនៃ តំបន់អាហ្វ្រិក ទោះជាឆ្ងាយ និងចំណាយច្រើន តែមានសុវត្ថិភាពជាង។

ម្យ៉ាងវិញទៀត ទោះជាក្រុមចម្រុះ Prosperity Guardian ត្រូវបានបង្កើតឡើងក៏ដោយ ក៏ក្រុមហ៊ូទីទំនងជានឹងនៅតែបន្តបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញ នៅក្នុងសមុទ្រក្រហម។ ដ្បិត សកម្មភាពរបស់ពួកគេមិនទាន់ប្រឈមនឹងផលវិបាកធ្ងន់ធ្ងរអ្វីទេ ហើយម្យ៉ាងក្រុមហ៊ូទីក៏ទំនងជាចង់ប្រើប្រាស់ការវាយប្រហាររបស់ខ្លួន ដើម្បីទាញយកសម្បទាន ក្នុងកិច្ចចរចាពាក់ព័ន្ធនឹងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសយេម៉ែនផងដែរ។ ក្រៅតែពីការព្រមាន ក្រុមហ៊ូទីនមិនទាន់ប្រឈមនឹងផលវិបាកធ្ងន់ធ្ងរអ្វីទេ ពីសកម្មភាពវាយប្រហារលើកប៉ាល់ដឹកទំនិញ។ ជាឧទាហរណ៍ អារ៉ាប៊ីសាអូឌីតមិនទាន់ដកខ្លួនចេញពីកិច្ចចរចាស្ដីពីបទឈប់បាញ់ជាមួយក្រុមហ៊ូទី ក្នុងសង្រ្គាមស៊ីវិលយេម៉ែន នៅឡើយទេ ដ្បិតទីក្រុងរីយ៉ាដបារម្ភថាការដកខ្លួនចេញ អាចនឹងជំរុញឱ្យក្រុមហ៊ូទីងាកមកបើកការវាយប្រហារសងសឹកលើហេរដ្ឋារចនាសម្ព័ន្ធអារ៉ាប៊ីសាអូឌីតវិញ។

អារ៉ាប៊ីសាអូឌីត ក៏ត្រូវបានគេរាយការណ៍ដែរថាបានបញ្ចុះបញ្ចូលឱ្យសហរដ្ឋអាមេរិកមានការអត់ធ្មត់ និងកុំបើកការវាយប្រហារដោយផ្ទាល់លើក្រុមហ៊ូទី ក៏ដោយសារតែការបារម្ភ បែបនេះឯង។ ដោយឡែក ផ្ទុយពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួមឯណោះវិញ បែរជាត្រូវបានគេរាយការណ៍ថាបានជំរុញឱ្យសហរដ្ឋអាមេរិក បើកការវាយប្រហារដោយផ្ទាល់ លើក្រុមហ៊ូទី ដើម្បីបំផ្លាញសមត្ថភាពរបស់ក្រុមមួយនេះ និងជាការកំញើញមួយដ៏ខ្លាំងក្លា។ ប៉ុន្តែ ការធ្វើរបៀបនេះអាចនឹងធ្វើឱ្យជម្លោះផ្ទុះឡើង ហើយក៏អាចបង្ខំឱ្យអាមេរិក ត្រូវលូកដៃចូលក្នុងសង្រ្គាមស៊ីវិលនៅយេម៉ែន ជាសង្រ្គាមមួយដែលទីក្រុងវ៉ាស៊ីនតោនកំពុងដើរចៀសបំផុត។ ក៏ប៉ុន្តែ បើមិនមានចំណាត់ការក្ដៅទេ ក្រុមហ៊ូទីនឹងនៅតែបន្ត បើកការវាយប្រហារនៅសមុទ្រក្រហម ខណៈពួកគេកំពុងឃើញជោគជ័យមួយចំនួន ក្នុងនោះកប៉ាល់ដឹកទំនិញធំៗខ្លះត្រូវធ្វើដំណើរតាមផ្លូវវៀង និងចៀសវាងការធ្វើដំណើរ ឆ្លងកាត់សមុទ្រក្រហម ដែលនេះកំពុងធ្វើឱ្យប៉ះពាល់ដល់ទីផ្សាររបស់អ៉ីស្រាអែល។ ចុះបើដូច្នេះថាតើសហរដ្ឋអាមេរិកនឹងត្រូវធ្វើបែបណា?

ជាការពិតណាស់ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានរក្សាការអត់ធ្មត់ ជាអតិបរមា ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទំាងមូលផ្ទុះឡើង។ ជាក់ស្ដែង សហរដ្ឋអាមេរិកបានត្រឹមបើកការវាយប្រហារក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ប្រឆាំង ចលនាប្រដាប់អាវុធដែលត្រូវបានចោទប្រកាន់ថាបានវាយប្រហារលើកងទ័ពអាមេរិក នៅស៊ីរី និងអ៉ីរ៉ាក់។ លើសពីនេះ ក្រុមមន្ត្រីអាមេរិកក៏មានការប្រុងប្រយ័ត្នផងដែរ ក្នុងការធ្វើ សេចក្ដីសន្និដ្ឋានជាសាធារណៈថាមីស៊ីល និងយន្ដហោះដ្រូនមួយចំនួនរបស់ក្រុមហ៊ូទីបានដាក់គោលដៅលើនាវាចម្បាំងអាមេរិក ក្នុងតំបន់សមុទ្រក្រហម។ សម្រាប់លោក បៃដិន ការបញ្ជាឱ្យវាយប្រហារលើមូលដ្ឋានរបស់ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែនអាចនឹងនាំសហរដ្ឋអាមេរិកទៅរកជម្លោះជាមួយអ៉ីរ៉ង់ ដែលជម្លោះបែបនេះនឹងកាន់តែជួយដុតបញ្ឆេះ ការរិះគន់ដែលថាលោកជាអ្នកធ្វើឱ្យវិបត្តិនៅមជ្ឈិបូព៌ាកាន់តែអាក្រក់ឡើង ហើយនេះមិនមែនជារឿងល្អនោះទេ ខណៈសល់មួយឆ្នាំទៀត ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមកដល់។ ប៉ុន្តែ នៅម្ខាងទៀត បើមិនធ្វើអ្វីសោះដោយបណ្ដោលឱ្យក្រុមហ៊ូទីបន្តអុកឡុក ក្នុងតំបន់សមុទ្រក្រហមតទៅទៀត នោះលោក បៃដិន ក៏នឹងត្រូវរងការរិះគន់ដូចគ្នា ដែរថាលោកជា «មេដឹកនាំទន់ខ្សោយ»។ យ៉ាងណាក៏ដោយ ក្នុងករណីដែលក្រុមហ៊ូទីនៅតែបន្តបើកការវាយប្រហារនៅសមុទ្រក្រហម ឬបណ្ដាលឱ្យកងទ័ពអាមេរិកស្លាប់ ឬរងរបួស ឬក៏បង្កការខូចខាតដល់ទ្រព្យសម្បត្តិអាមេរិក នោះវានឹងបង្ខំឱ្យសេតវិមានត្រូវតែចាត់វិធានការដែលខ្លួនខំដើរចៀសវាងកន្លងមក។ លោក បៃដិន អាចនឹងត្រូវបង្ខំចិត្ត អនុញ្ញាតឱ្យមានការវាយប្រហារយោធាមានដែនកំណត់មួយលើគោលដៅមួយ ឬច្រើនរបស់ក្រុមហ៊ូទី នៅយេម៉ែន។

គួរបញ្ជាក់ថា មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថាកំពុងពិចារណាជាបណ្ដើរៗហើយពីជម្រើសក្នុងការចាត់វិធានការឆ្លើយតបប្រឆាំងនឹងក្រុមហ៊ូទី ដោយ បានចល័តកងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង Dwight D. Eisenhower ចេញពីឈូងសមុទ្រពែក្ស ឆ្ពោះទៅកាន់ឈូងសមុទ្រ Aden ដែលនេះជាសញ្ញាមួយ បង្ហាញពីការផ្លាស់ប្ដូរនៅក្នុងយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន និងជាសារគំរាមមួយថាសហរដ្ឋអាមេរិក កំពុងពង្រីកជម្រើស ក្នុងការសងសឹកប្រឆាំងនឹងក្រុមហ៊ូទី នៅពេលចាំបាច់៕