(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos នៅថ្ងៃពុធសប្តាហ៍នេះបានចុះហត្ថលេខាលើច្បាប់ថវិកាជាតិឆ្នាំ ២០២៤ ដែលមានទឹកប្រាក់ ៥.៧៦៨ ពាន់ពាន់លាន (ប្រហែល ១០៣ ពាន់លានដុល្លារអាមេរិក) ដើម្បីធានាអនាគត និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០២៣។

លោក Marcos បាននិយាយនៅក្នុងសុន្ទរកថាក្នុងពិធីចុះហត្ថលេខាថា ច្បាប់ថវិកាឆ្នាំ ២០២៤ រៀបរាប់លម្អិតអំពីផែនការប្រយុទ្ធរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងអក្ខរកម្ម ការផលិតស្បៀងអាហារ និងការលុបបំបាត់ភាពអត់ឃ្លាន ការការពារផ្ទះសម្បែងរបស់យើង ការធានាព្រំដែនរបស់យើង ការព្យាបាលអ្នកជំងឺ ការថែរក្សាប្រជាជនរបស់យើងឱ្យមានសុខភាពល្អ និងបង្កើតឱកាសការងារ។

លោកបានបន្ថែមថា «ជាចុងក្រោយ រាល់ខ្សែបន្ទាត់ក្នុងថវិកានេះ ពេលបកប្រែទៅជាគម្រោងនឹងរាប់ចាប់ពីផ្លូវ សាលារៀន ដល់មន្ទីរពេទ្យ ដោយនឹងប្រែក្លាយប្រទេសរបស់យើងឲ្យកាន់តែប្រសើរឡើង និងជីវិតរបស់ប្រជាជនយើងក៏កាន់តែប្រសើរឡើងផងដែរ»។

ថវិកាឆ្នាំ ២០២៤ គឺខ្ពស់ជាងថវិកាឆ្នាំមុនប្រមាណ ៩.៥ ដែលតំណាងឱ្យ ២១.៧ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស (GDP)។

រដ្ឋមន្ត្រីក្រសួងថវិកា លោកស្រី Amina Pangandaman បាននិយាយថា ថវិកាឆ្នាំ ២០២៤ នឹងត្រូវបែងចែកផ្នែកធំបំផុតដល់វិស័យសេវាកម្មសង្គម ដែលរួមមានវិស័យសុខាភិបាល ការអប់រំ វប្បធម៌ ការអភិវឌ្ឍន៍កម្លាំងពលកម្ម សន្តិសុខសង្គម សុខុមាលភាព ក្នុងចំណោមវិស័យសំខាន់ៗដទៃទៀត។ លោកស្រីបានបន្ថែមថា ថវិកានេះក៏គាំទ្រដល់ការអនុវត្តផែនការអភិវឌ្ឍន៍ឆ្នាំ ២០២៣-២០២៨ ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការចំណាយលើវិស័យសុខាភិបាលផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនព្យាករណ៍ថា GDP របស់ប្រទេសនឹងមានកំណើនពី ៦ ទៅ ៧ ភាគរយនៅឆ្នាំ ២០២៣ និង ៦.៥ ទៅ ៧.៥ ភាគរយនៅឆ្នាំ ២០២៤ ដោយបន្ថែមថាសន្ទុះកំណើនត្រូវបានគេរំពឹងថានឹងបន្តពេញមួយឆ្នាំ និងលើសពីប្រទេសជិតខាង។ ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថា GDP របស់ហ្វីលីពីននឹងមានកំណើនត្រឹម ៥.៧ ភាគរយនៅឆ្នាំ ២០២៣ និង ៦.២ ភាគរយនៅឆ្នាំ ២០២៤ខាងមុខ៕

រូបភាពពី AFP