(ប៉េកាំង)៖ តំបន់នានាលើទូទាំងពិភពលោកមាននិទាឃរដូវដូចគ្នា "អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាក៏ដូចជានៅជិតបង្កើយ—កំណែទម្រង់និងការបើកទូលាយរបស់ចិនកំពុងសរសេរ "រឿងវ៉ាវអំពីនិទាឃរដូវ" កាន់តែច្រើន។ កាលពីខែធ្នូ ឆ្នាំ ១៩៧៨ សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១១ បានបើកធ្វើដែលចាប់ដំណើរការ នូវដំណើរប្រវត្តិសាស្រ្ត អំពីកំណែទម្រង់និងការបើកទូលាយរបស់ចិន។ ប្រទេសចិនគឺជាអង្គភាពសេដ្ឋកិច្ច ដែលមានប្រជាជនប្រហែលត្រូវជា ១ ភាគ ៥ នៃចំនួនប្រជាជនពិភពលោក។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ឆ្លងតាមរយៈការអនុវត្តគោលនយោបាយធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលខាងពាណិជ្ជកម្មនិងវិនិយោគ ប្រទេសចិនបានពង្រីកការនាំចូលដោយម្ចាស់ការ បន្ធូរបន្ថយលក្ខខណ្ឌស្តីពីការអនុញ្ញាតឱ្យចូលទីផ្សារ ក៏ដូចជាអនុវត្តគោលនយោបាយការពារកម្មសិទ្ធិបញ្ញា ដើម្បីបង្កើតបរិយាកាសធ្វើពាណិជ្ជកម្មលំដាប់ឈានមុខ លើឆាកអន្តរជាតិ។

ប្រទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ដែលបានផ្សារភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាមួយប្រទេសនិងតំបន់ដែលចូលរួមកិច្ចកសាង" ខ្សែក្រវាត់និងផ្លូវ"។ បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង" ខ្សែក្រវាត់និងផ្លូវ" ជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ដែលធ្វើឱ្យគម្រោងសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាច្រើនត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា ដែលគ្របដណ្តប់លើគ្រប់វិស័យ ដូចជាកសិកម្ម ថាមពល ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជាដើម ក៏ដូចជាបានបន្តនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសនិងតំបន់តាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"។

ប្រឈមនឹងបម្រែបម្រួលដ៏ខ្លាំងក្លា ដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំកន្លងមក លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងប្រកបដោយភាពច្នៃប្រឌិតថ្មី នូវគំនិតស្តីពីកិច្ចកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលបានចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍ នៅពេលអនាគតសម្រាប់ពិភពលោកទាំងមូល។ ដោយឡែកលោកក៏បានលើកឡើង នូវគំនិតផ្តួចផ្តើមសំខាន់ៗចំនួនបីស្តីពីការអភិវឌ្ឍ សន្តិសុខនិងអរិយធម៌សកលដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនសាមគ្គីភាពនិងការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់នូវការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព ចាប់ដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ក៏ដូចជាជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ខាងអរិយធម៌ខុសគ្នាដើម្បីបំពេញបន្ថែមកម្លាំងចលករ ដ៏ខ្លាំងក្លាក្នុងការជំរុញដំណើរធ្វើទំនើបកម្មសង្គមមនុស្សជាតិ និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ លោកបានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសារថា ទ្វារនៃការបើកទូលាយរបស់ប្រទេសចិន នឹងមានភាពកាន់តែទូលំទូលាយ ដែលនឹងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយ តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់ឱកាសថ្មីសម្រាប់ការបើកទូលាយ និងកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសនានា។

ការពិតជាក់ស្តែងបានបញ្ជាក់ថា កំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន គឺជាទង្វើដោយម្ចាស់ការដែលសម្របទៅតាមចរន្ត នៃយុគសម័យនិងតម្រូវការអភិវឌ្ឍន៍របស់ពិភពលោក ហើយបានជំរុញឱ្យប្រទេសចិននិងពិភពលោកទទួល ការអភិវឌ្ឍក្នុងពេលដំណាលគ្នាតាមរយៈ ការជំរុញអន្តរកម្មនៃកំណែទម្រង់និងការបើកទូលាយ។ ក្នុងដំណើរថ្មីនៃការជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិនតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រទេសចិនមុនជានឹងបន្តសរសេរ "រឿងវ៉ាវអំពីនិទាឃរដូវ" កាន់តែច្រើនជាក់ជាមិនខាន៕

អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន