(ប៉េកាំង)៖ ឆ្នាំនេះជាខួបទី៤៥ នៃការអនុវត្តគោលនយោបាយកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន ។ កំណែទម្រង់និងការបើកទូលាយមិនត្រឹមតែបាន កែប្រែមុខមាត់របស់ចិនដោយស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវឱកាសឈ្នះ-ឈ្នះកាន់តែច្រើនដល់ពិភពលោកទៀតផង។ ជាពិសេសគឺក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្របើកទូលាយ កាន់តែសកម្មនិងម្ចាស់ការ។

ចិនបានបង្កើតតំបន់ពាណិជ្ជកម្មសេរីចំនួន២២កន្លែង បានពន្លឿនកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន បានកាត់បន្ថយបញ្ជីអវិជ្ជមាន នៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារ បានដាក់ចេញ «ច្បាប់ស្តីពីការវិនិយោគរបស់ពាណិជ្ជករបរទេស» បានកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់។ល។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនបានប្រែពី ការបើកទូលាយតាមរយៈ លំហរទំនិញនិងធាតុដើម ទៅជាការបើកទូលាយតាមរយៈប្រព័ន្ធរបប ដូចជាក្បួនច្បាប់ គតិយុត្តិ ការគ្រប់គ្រងនិងស្តង់ដារជាដើមដែលបានបញ្ជាក់ថា “ កំណែទម្រង់និងការបើកទូលាយជាគោលនយោបាយគន្លឹះ ក្នុងការអភិវឌ្ឍរបស់ប្រទេសចិន ”។

អ្វីដែលសេដ្ឋកិច្ចបែបបើកទូលាយរបស់ចិនបាននាំមក ដំបូងគឺការរួមចំណែកដល់កំណើនសេដ្ឋកិច្ចដ៏ពិតប្រាកដ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក អនុបាតបរិមាណសេដ្ឋកិច្ចសរុបរបស់ចិនក្នុងសេដ្ឋកិច្ចសកល បានកើនឡើងពី១២,៣ភាគរយ ដល់១៨ភាគរយ ហើយអត្រារួមចំណែកចំពោះ កំណើនសេដ្ឋកិច្ចសកល គិតជាមធ្យមក្នុងមួយឆ្នាំៗ គឺលើសពី៣០ភាគរយ ។ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ នៃប្រទេសនិងតំបន់ចំនួនជាង១៤០ ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៣នេះ អត្រារួមចណែករបស់សេដ្ឋកិច្ចចិន នៅតែនឹងលើសពី៣០ភាគរយដដែល ។ ប្រការនេះបានបង្ហាញថា ប្រទេសចិនជាក្បាលម៉ាស៊ីនដ៏សំខាន់ របស់កំណើនសេដ្ឋកិច្ចសកល ហើយមានសារសំខាន់ក្រៃលែងចំពោះសេដ្ឋកិច្ចសកល ដែលមានកម្លាំងងើបឡើងវិញទន់ខ្សោយក្នុងពេលបច្ចុប្បន្ននេះ។

និយាយចំពោះសហគ្រាសពហុជាតិ ពួកគេចែលរំលែកបាននូវផលប្រយោជន៍នៃកំណើនសេដ្ឋកិច្ចចិន ព្រមទាំងទទួលបានឱកាសអភិវឌ្ឍន៍ ដ៏ទូលំទូលាយនៅប្រទេសចិន ។ក្នុងរយៈពេល១០ឆ្នាំកន្លងមក អនុបាតដែលប្រទេសចិនក្រេបយកទុនបរទេសសកល បានកើនឡើងពី៨,២ភាគរយដល់១១,៤ភាគរយ។ តាំងពីចូលឆ្នាំនេះមក សហគ្រាសបរទេសជាច្រើនបានបន្ថែម ការវិនិយោគនៅប្រទេសចិន។ រីឯការបើកទូលាយរបស់ចិន នៅតែជាការបើកទូលាយ ដែលអាចដឹកនាំនូវចរន្តអភិវឌ្ឍសេដ្ឋកិច្ច ដូចជាសេដ្ឋកិច្ចបៃតងនិងឌីជីថលជាដើម។ ក្នុងនាមជាប្រទេសធំទីមួយខាងការនាំចេញទំនិញ នៅឆ្នាំ២០២២ ចំណែកទីផ្សាររបស់ចិនលើផ្ទៃអន្តរជាតិ បានឡើងដល់១៤,៧ភាគរយ។

នៅឆ្នាំ២០២២ សេដ្ឋកិច្ចឌីជីថលរបស់ចិនត្រូវជា៤១,៥ភាគរយនៃ GDP របស់ចិន ដែលបានជាប់ចំណាត់ថ្នាក់ទី២នៅលើពិភពលោក ។ អ្នកវិភាគបានលើកឡើងថា ប្រទេសចិនទទួលបានឧត្តមភាពយ៉ាងខ្លាំងលើវិស័យភាពវៃឆ្លាតសិប្បនិមិ្មត ថាមពលថ្មីនិងបច្ចេកវិទ្យា ជីវសាស្ត្រជាដើម ចិនបានកាន់លំដាប់ឈានមុខរហូតដល់ ដើរតួនាទីដឹកនាំថែមទៀត ។ ការអភិវឌ្ឍបច្ចេកទេសឌីជីថលរបស់ចិន បាននិងកំពុងផ្តល់ផលប្រយោជន៍ដល់ ប្រជាជននៃបណ្តាប្រទេសនានា ហើយក៏បានបំពេញបន្ថែមកម្លាំងចលករថ្មី ដល់កំណើនសេដ្ឋកិច្ចសកលផងដែរ។

អ្វីដែលសំខាន់ជាងទៀត គឺទស្សនៈស្តីពីការបើកទូលាយចំពោះបរទេស ដែលប្រទេសចិនបានអនុវត្តជាប់រហូត និងកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយ បាននាំមកនូវមុខមាត់ថ្មីដល់ប្រព័ន្ធអភិបាលកិច្ចសកល ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ ការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា និងស្វាគមន៍ពិភពលោកចែករំលែក កាលានុវត្តភាពរបស់ចិន។ សូមយកកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ជាឧទាហរណ៍ ក្នុងរយៈពេល ១០ឆ្នាំកន្លងមក គម្រោងនេះបានជំរុញការវិនិយោគ ដែលមានទំហំជិតមួយទ្រីលានដុល្លារអាមេរិក បានបង្កើតឱកាសការងារចំនួន៤២ម៉ឺន ដល់ប្រទេសរួមគ្នាកសាង និងជួយឱ្យមនុស្សចំនួន៤០លាននាក់ បំរះខ្លួនចេញពីភាពក្រីក្រ។

សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនឆ្នាំ២០២៣ដែលទើបបានបញ្ចប់ បានលើកឡើងវិធានការថ្មីមួយចំនួនអំពី “ការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់”។ ពិភពលោកមានហេតុផលទាំងស្រុងមានការរំពឹងទុក ចំពោះកំណែទម្រង់ និងការបើកទូលាយរបស់ចិន ក៏ដូចជាឱកាសកាន់តែច្រើនដែលនាំមកពី ការអនុវត្តគោលនយោបាយនេះ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន