(ឡុងដ៏)៖ ក្រសួងការបរទេសអង់គ្លេស បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋមន្រ្តី លោក David Cameron នឹងធ្វើដំណើរទៅកាន់ប្រទេសហ៊្សកដានី និងអេហ្ស៉ីបក្នុងសប្តាហ៍នេះ ដើម្បីជំរុញឲ្យមានបទឈប់បាញ់យូរអង្វែង និងបង្កើនលំហូរជំនួយទៅកាន់តំបន់ហ្គហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងទស្សនកិច្ចលើកទី ២ លោក Cameron នឹងត្រូវរួមដំណើរជាមួយមន្ត្រីការបរទេសអង់គ្លេស ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Tariq Ahmad ដោយនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយឲ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ បង្កើនជំនួយដល់តំបន់ហ្គាហ្សា និងបិទបញ្ចប់សង្រ្គាម ក៏ដូចជាការគំរាមកំហែងដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាសប្រឆាំងអ៉ីស្រាអែល។

នៅឯប្រទេសហ៊្សកដានី លោក Cameron គ្រោងជួបសមភាគីរបស់លោក គឺលោក Ayman Safadi និងសមភាគីអេហ្ស៉ីបផងដែរ ហើយបន្ទាប់មកធ្វើដំណើរទៅកាន់តំបន់ Al Arish ស្ថិតនៅក្បែរព្រំដែនអេហ្ស៉ីប-ហ្គាហ្សា ដើម្បីពិនិត្យមើលការចែកចាយជំនួយ របស់អគ្លេស នៅតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Cameron បានប្រកាសថា អ្នកទទួលខុសត្រូវចំពោះអំពើហិង្សា លើអ្នកតាំងទីលំនៅជនជាតិជ្វីបប្រឆាំងប៉ាឡេស្ទីន នឹងត្រូវហាមប្រាមមិនឲ្យចូលទៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពី EU បានលើកឡើងនូវផែនការស្រដៀងគ្នានេះ៕

រូបភាពពី Reuters