(អូតាវ៉ា)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលកាណាដាបាននិយាយថា ខ្លួននឹងទិញយន្តហោះដ្រូនបំពាក់អាវុធ MQ-9B ពីក្រុមហ៊ុនអាមេរិក General Atomics ដើម្បីយកមកប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក៏ជាសម្រាប់ការឃ្លាំមើលឆ្នេរសមុទ្រ និងការជួយសង្រ្គោះគ្រោះមហន្តរាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងទិញយន្តហោះដ្រូនខាងលើ មានតម្លៃ២.៤៩ពាន់លានដុល្លារកាណាដា ឬ១.៨៧ពាន់លានដុល្លារអាមេរិក ហើយរួមបញ្ចូលទាំងបញ្ជាគ្រប់គ្រងនៅលើដី រោងសម្រាប់ផ្ទុកយន្តហោះដ្រូន ព្រមទាំងមីស៉ីល Hellfire មួយសំណុំដំបូង។ យន្តហោះដ្រូនទាំងនោះ ត្រូវគេរំពឹងថា នឹងប្រគល់ឱ្យមកកាណាដា នៅក្នុងឆ្នាំ២០២៨ ហើយពួកវានឹងត្រូវដាក់ឱ្យឈរជើង នៅតាមមូលដ្ឋាននៃតំបន់បណ្តោយប្រទេសកាណាដា ទាំងនៅខាងមហាសមុទ្រប៉ាស៉ីហ្វិកនិងអាត្លង់ទិច ព្រមទាំងអាក់ទិច។

គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់យោធាកាណាដា យន្តហោះដ្រូន MQ-9B ដែលមានសមត្ថភាពហោះហើរបានចម្ងាយ ៧,២០០គីឡូម៉ែត្រ និងស្ថិតនៅលើផ្ទៃអាកាសបានរយៈពេលជាង ២៨ម៉ោង នឹងត្រូវប្រើប្រាស់សម្រាប់បេសកកម្មយោធានៅក្រៅប្រទេស ​ជាមួយសម្ព័ន្ធមិត្តរបស់ទីក្រុងអូតាវ៉ា ប៉ុន្តែក៏សម្រាប់ឃ្លាំមើលដែនដីដ៏ធំ និងឆ្នេរសមុទ្រដ៏វែងរបស់កាណាដាផងដែរ។ លើសពីនេះទៅទៀត ពួកវាក៏អាចប្រើដើម្បីគាំទ្រ ដល់ការឆ្លើយតបបន្ទាន់ផ្នែកស៉ីវិល ចំពោះមហន្តរាយភ្លើងឆេះព្រៃនិងគ្រោះទឹកជំនន់ ជាដើម៕