(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា នៅថ្ងៃពុធនេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា ការរក្សាទំនាក់ទំនង​យ៉ាងជិតស្និទ្ធជាមួយប្រទេសរុស្ស៉ី គឺជាជម្រើសយុទ្ធសាស្រ្តមួយ ហើយលោកបានជំរុញឱ្យមានការបង្កើន កិច្ចសហប្រតិបត្តិទ្វេភាគីបន្ថែមទៀត អំលុង​កិច្ចទទួលជួបពិភាក្សាគ្នា ជាមួយនាយករដ្ឋមន្រ្តីរុស្ស៉ី Mikhail Mishustin នៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ CCTV ក្នុងជំនួបខាងលើ លោក ស៉ី បានប្រាប់លោក Mishustin យ៉ាងដូច្នេះថា «ការថែរក្សានិងអភិវឌ្ឍទំនាក់ទំនងចិន-រុស្ស៉ី គឺជាជម្រើសយុទ្ធសាស្រ្តមួយធ្វើឡើងដោយប្រទេសទាំងពីរ ដែលឈរលើផលប្រយោជន៍ជា​មូលដ្ឋាននៃប្រជាជនចិននិងរុស្ស៉ី»។ លោកប្រធានាធិបតីចិនបានបន្ថែមទៀតថា ប្រទេសទាំងពីរគួរតែបន្តពង្រឹងចំណងទាក់ទងផ្នែកនយោបាយ ហើយធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែមានភាពស៉ីជម្រៅក្នុងវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ការតភ្ជាប់ និងវិស័យដទៃទៀត។ ចំណែកកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក Mishustin បាននិយាយក្នុងជំនួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីចិន លោក Li Qiang ថា ចំណងទាក់ទងរវាងទីក្រុងមូស្គូនិងទីក្រុងប៉េកាំង គឺបានឈានដល់កម្រិតដ៏ខ្ពស់បំផុតមួយ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក Mishustin មកកាន់ប្រទេសចិន នាពេលនេះ គឺកើតមាននៅរយៈពេល២ខែ បន្ទាប់ពីប្រធានាធីបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចយ៉ាងកម្រមួយ ចេញក្រៅប្រទេសរុស្ស៉ី ដើម្បីមកជួបលោក ស៉ី ហើយកាលពីខែវិច្ឆិកាកន្លងទៅ មន្រ្តីយោធាកំពូលម្នាក់របស់ចិន ត្រូវបានទទួលស្វាគមន៍ នៅឯទីក្រុងមូស្គូ។ ទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ដែលបានបន្តអត់ធន់ ទោះបីបន្ទាប់ពីរុស្ស៉ីបានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ក៏ដោយនោះ គឺបានប្រឈមការរិះគន់ចំៗ​ ពីសំណាក់ក្រុមប្រទេសលោកខាងលិច៕