(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ប្រឆាំងនឹងប្រទេសរបស់លោក គឺនៅតែមិនទាន់មើលឃើញពន្លឺនៃទីបញ្ចប់នោះទេ ខណៈការប្រយុទ្ធគ្នាកំពុងបន្តអូសបន្លាយពេលជិត ២ឆ្នាំហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។
លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងដូចខាងលើ នៅក្នុងសន្នីសីទសារព័ត៌មានមួយ ជាមួយក្រុមអ្នកកាសែតក្នុងស្រុកនិងបរទេស ដើម្បីបិទបញ្ចប់ឆ្នាំ២០២៣នេះ ខណៈដែលកងកម្លាំងអ៊ុយក្រែន កំពុងស្ថិតក្រោមសម្ពាធនៅតាមជួរសមរភូមិមុខ ហើយការគាំទ្រពីសម្ព័ន្ធមិត្តក៏បានជួបភាពថមថយថែមទៀត។ ឆ្លើយតបចំពោះសំណួរថា តើសង្រ្គាមជាមួយរុស្ស៉ី អាចនឹងបញ្ចប់នៅឆ្នាំក្រោយដែរឬទេ បន្ទាប់ពីវាបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «គ្មាននរណាដឹងចម្លើយ ចំពោះសំណួរនេះទេ។ សូម្បីតែអ្នកជំនាញ ព្រមទាំងមេបញ្ជាការយោធារបស់យើង ហើយនិងក្រុមដៃគូលោកខាងលិចរបស់យើង ដែលបានមើលឃើញថា វាគឺជាសង្រ្គាមដែលអាចអូសបន្លាយពេលច្រើនឆ្នាំ គឺពួកគេសុទ្ធតែមិនដឹងច្បាស់ឡើយ»។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មានការចោទសួរតែកាន់ខ្លាំងឡើង ថាតើក្រុមប្រទេសលោកខាងលិច នឹងបន្តផ្តល់ការគាំទ្រដ៏ចាំបាច់ សម្រាប់ទីក្រុងកៀវបានយូរប៉ុន្មាន។ កាលពីសប្តាហ៍មុន លោក ហ្សេលេនស្គី បានទៅបំពេញទស្សនកិច្ច នៅក្រុមប្រទេសលោកខាងលិចសាជាថ្មី ដើម្បីស្វែងរកការគាំទ្រផ្នែកយោធា និងនយោបាយបន្ថែមទៀត ខណៈការឈ្លានពានរបស់រុស្ស៉ី នឹងឈានដល់ខួប២ឆ្នាំគត់ ក្នុងពេលប៉ុន្មានខែទៀត។ យ៉ាងណាក្តី លោកបានបរាជ័យក្នុងការបញ្ចុះបញ្ចូល ឱ្យសភាអាមេរិកអនុម័តជាបន្ទាន់ នូវជំនួយទំហំ៦០ពាន់លានដុល្លារ ដោយសារការជំទាស់បក្សសាធារណរដ្ឋអាមេរិក ខណៈនៅទីក្រុងព្រុចសែល ជំនួយហិរញ្ញវត្ថុទំហំ៥០ពាន់លានអឺរ៉ូ (៥៥ពាន់លានដុល្លារ) របស់សហភាពអឹរ៉ុប (EU) ត្រូវបានរារាំងដោយហុងគ្រី៕
p style="text-align: center;">រូបភាពពី Reuters