(ប៉េកាំង)៖ នៅក្រោមស្ថានភាពអាកាសធាតុដ៏ត្រជាក់ខ្លាំង ក្រុមអ្នកសង្រ្គោះចិនរាប់ពាន់នាក់ ក្នុងថ្ងៃពុធនេះកំពុងតែបន្តប្រឹងប្រែង ដើម្បីស្វែងរកនិងជួយសង្រ្គោះអ្នកនៅមានជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីបានអង្រួនខេត្ត Gansu ភាគពាយ័ព្យប្រទេស កាលពីជាងមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០២៣។
គ្រោះរញ្ជួយដីមួយកម្រិត៦.២រ៉ិចទ័រ បានវាយប្រហារតំបន់ Jishishan នៃខេត្ត Gansu ក្បែរព្រំប្រទល់ខេត្ត Qinghai កាលពីវេលាយប់ពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារសប្តាហ៍នេះ។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ចំនួនអ្នកបាត់បង់ជីវិតនៅខេត្ត Gansu បានកើនដល់១១៣នាក់ និងរបួស៧៨២នាក់ ខណៈនៅ Qinghai អ្នកស្លាប់កើនដល់១៨នាក់ និងរបួស១៩៨។ មនុស្សសរុប៧៨នាក់ ត្រូវបានជួយសង្រ្គោះនៅខេត្ត Gansu។ ក្រៅពីបង្កឱ្យមានមនុស្សស្លាប់និងរបួស គ្រោះរញ្ជួយដីនោះ បានធ្វើឱ្យខូចខាតផ្លូវថ្នល់ ស្ពាន និងខ្សែបណ្តាញផ្គត់ផ្គង់ថាមពលនិងទឹក បំផ្លាញលំនៅឋានសរុបជាង១៥០,០០០ខ្នង ហើយបង្កឱ្យមានបំណាក់ដីនិងល្បាប់ភក់។
គួរបញ្ជាក់ថា ទាំងក្រុមអ្នកសង្រ្គោះ ព្រមទាំងអ្នកនៅមានជីវិត ជាពិសេសអ្នកជាប់គ្រាប់គំនរអគារ គឺកំពុងត្រូវប្រឈមមុខជាមួយ ស្ថានភាពអាកាសធាតុដ៏ត្រជាក់ខ្លាំង ដែលបានបន្តគ្របដណ្តប់ភាគច្រើននៃប្រទេសចិន ចាប់តាំងតែពីសប្តាហ៍មុនមក។ សីតុណ្ហភាពនៅជុំវិញទីតាំងចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដី បានធ្លាក់ចុះដល់ -១៥អង្សាសេ កាលពីយប់ថ្ងៃអង្គារ ស្របពេលដែលក្រុមជួយសង្រ្គោះ នៅបន្តការងាររបស់ខ្លួន៕
p style="text-align: center;">រូបភាពពី Reuters