(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រូបលោកទទួលបានសំណើពីយោធារបស់លោក ដែលចង់កែនកងទ័ពប្រមាណកន្លះលាននាក់បន្ថែមទៀត ដើម្បីបំពេញកងកម្លាំងឡើងវិញ ចំពោះមុខការបន្តអូសបន្លាយនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០២៣។
លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ខាងថ្នាក់ដឹកនាំយោធារបស់អ៊ុយក្រែន បានស្នើឱ្យកាន់រូបលោកចង់ឱ្យមានយុទ្ធនាការកែនប្រជាជនចំនួនចន្លោះ ៤៥០,០០០-៥០០,០០០នាក់ទៀត ដើម្បីចូលបម្រើកងទ័ព ប៉ុន្តែលោក ហ្សេលេនស្គី បានឆ្លើយតបថា លោកចង់ឱ្យមានការផ្តល់ហេតុផលបន្ថែម ដើម្បីគាំទ្រគំនិតនេះ ព្រោះវាជាបញ្ហាដ៏រសើបមួយ។ លោក ហ្សេលេនស្គី ក៏បានលើកឡើងពីបញ្ហាហិរញ្ញវត្ថុ សម្រាប់គាំទ្រការកែនកងទ័ពក្នុងចំនួនច្រើនផងដែរ។
ក្រុមមន្រ្តីយោធាអ៊ុយក្រែន បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា យោធាអ៊ុយក្រែន កំពុងជួបការលំបាកក្នុងការស្វែងរក អ្នកចង់ចូលបម្រើទ័ពថ្មី ដើម្បីទៅប្រយុទ្ធជាមួយរុស្ស៉ី ខណៈកងកម្លាំងរុស្ស៉ីឥឡូវនេះ កំពុងវិលមកស្ថិតក្នុងស្ថានភាពវាយលុកសាជាថ្មី ពោលគឺមិនមែនស្ថិតក្នុងស្ថានភាពការពារទប់ទល់ទៀតនោះទេ។ យោងតាមប្រភពដដែល ប្រជាជនអ៊ុយក្រែនមួយចំនួន ដែលបានចូលរួមប្រយុទ្ធកាលពីអំលុងសង្រ្គាមផ្ទុះឡើងដំបូង នៅខែកុម្ភៈ ឆ្នាំ២០២២ កំពុងបន្តស្ថិតក្នុងសមរភូមិនៅឡើយ និងមានភាពនឿយហត់ ខណៈអ្នកស្ម័គ្រចិត្តដើម្បីចូលបម្រើទ័ព ជំនួសអ្នកដែលបានស្លាប់ឬរងរបួស គឺកាន់តែកម្រទៅៗ។
គួរបញ្ជាក់ថា ទាំងអ៊ុយក្រែននិងរុស្ស៉ី សុទ្ធតែបានរក្សាតួលេខកងទ័ពរៀងៗខ្លួន ដែលស្លាប់ក្នុងសមរភូមិ ជារឿងសម្ងាត់របស់ជាតិ ក៏ប៉ុន្តែបើតាមការស្មានក្រុមមន្រ្តីអាមេរិក សង្រ្គាមរវាងភាគីទាំងពីរ ទំនងបានផ្តាច់ជីវិតឬបង្កឱ្យរបួសទាហានសរុបខ្ទង់សែននាក់។ ចំនួនកងកម្លាំងរបស់អ៊ុយក្រែនបច្ចុប្បន្ន គឺពុំត្រូវបានដឹងច្បាស់ទេ ប៉ុន្តែអ៊ុយក្រែនពីមុនមក ធ្លាប់បានអះអាងថា ខ្លួនមានប្រហែល១លាននាក់។ ដោយឡែក រុស្ស៉ីបាននិយាយថា ខ្លួនមានគោលដៅពង្រីកចំនួនកងទ័ពឱ្យដល់១.៥លាននាក់។ បើតាមលោក ពូទីន រុស្ស៉ីបានចល័តកងទ័ពសរុប៦១៧,០០០នាក់ ក្នុងការធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ហើយលោកបានអះអាងថា សម្រាប់ពេលនេះ គឺមិនមានភាពចាំបាច់ត្រូវកែនទ័ពបន្ថែមឡើយ៕
រូបភាពពី AFP