(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានព្រមានថា ស្ថានភាពសន្តិសុខក្នុងតំបន់សមុទ្រក្រហមកាន់តែយ៉ាប់យ៉ឺនទៅៗ ដោយសារតែការវាយប្រហារ ដោយមីស៉ីលបាលិស្ទីគ និងយន្តហោះដ្រូនកំពុងបង្កការគំរាមកំហែងកាន់តែខ្លាំង ខណៈបានយល់ព្រមឲ្យនាវាពិឃាតមួយគ្រឿងឱ្យទៅ ចូលរួមក្នុងប្រតិបត្តិការមួយរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីការពារការធ្វើពាណិជ្ជកម្មក្នុងតំបន់។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងការពារជាតិអង់គ្លេស បានប្រកាសថានាវាពិឃាត HMS Diamond ដែលធ្លាប់បានបាញ់ទម្លាក់យន្តហោះដ្រូននៅសមុទ្រក្រហម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នឹងចូលរួមជាមួយក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។ លោករដ្ឋមន្រ្តីការពារជាតិ Grant Shapps បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ការវាយប្រហារខុសច្បាប់ទាំងនេះ គឺជាការគំរាមកំហែងមួយដែលមិនអាចទទួលយកបានចំពោះ សេដ្ឋកិច្ចពិភពលោក និងបំផ្លាញសន្តិសុខក្នុងតំបន់ ក៏ដូចជាធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ។ វាជាបញ្ហារួមដែលទាមទារឲ្យមានដំណោះស្រាយ ជាអន្តរជាតិ»

នាវាពិឃាត HMS Diamond កំពុងចូលរួមក្នុងប្រតិបត្តិការរបស់ក្រុមនាវាពិឃាតនៃក្រុមចម្រុះ ក្នុងនោះមាននាវាពិឃាត ៣គ្រឿង របស់សហរដ្ឋអាមេរិក និងនាវាពិឃាតមួយគ្រឿងរបស់បារាំង ដើម្បីការពារកប៉ាល់ដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ក្រុមនាវាពិឃាតនេះ កំពុងឈរជើងនៅភាគខាងត្បូង នៃសមុទ្រក្រហម ដោយផ្តោតលើការការពារសេរីភាពនៃការធ្វើនាវាចរ ពាណិជ្ជកម្មអន្តរជាតិ និងអាយុជីវិតមនុស្ស តាមរយៈការប្រឆាំងនឹងតួអង្គខុសច្បាប់ដែលស្ថិត នៅក្រោមច្បាប់នៃដែនទឹកអន្តរជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គាសប្តាហ៍នេះ សហរដ្ឋអាមេរិក បានប្រកាសបង្កើតក្រុមចម្រុះដែលមាន ១០ប្រទេសចូលរួម ដើម្បីបង្រ្កាបការវាយប្រហារដោយមីស៊ីល និងយន្ដហោះដ្រូនពីសំណាក់ក្រុមហ៊ូទី លើកប៉ាល់ដឹកទំនិញធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ប៉ុន្តែក្រោយការប្រកាសនោះ ក្រុមហ៊ូទីនៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៉ីរ៉ង់និយាយថា ពួកគេនឹងមិនបញ្ឈប់សកម្មភាពទាំងនោះ ឡើយ។

ក្រុមចម្រុះទាំង១០ប្រទេសខាងលើ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៉ីតាលី ហូឡង់ ន័រវែស សីស្ហែល (Seychelles) និងអេស្ប៉ាញ៕

រូបភាពពីនាវាពិឃាត HMS Diamond ពីក្រសួងការពារជាតិអង់គ្លេស