(វ៉ាស៊ីនតោន)៖ ភាពជាប់គាំងក្នុងការអនុម័តកញ្ចប់ជំនួយយោធាថ្មីពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាន និងកំពុងបង្ខំឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនទាំងនេះចាប់ផ្ដើម គិតឡើងវិញពីរឿងមួយដែលពួកគេមិនហ៊ាននឹកស្រមៃដល់ ចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡើងមក នោះគឺពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា «លោក ពូទីនអាចនឹងឈ្នះ»។ សព្វថ្ងៃ ជំនួយយោធាច្រើនជាង ១១០ពាន់លានដុល្លារ កំពុងជាប់គាំងដោយសារជម្លោះនយោបាយ ទាំងក្នុងទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប បាននាំឱ្យមានការចោទសួរឡើងថាតើទីក្រុងកៀវ អាចតស៊ូប្រយុទ្ធ និងអាចការពារបណ្ដាទីក្រុងអ៊ុយក្រែន រោងចក្រថាមពល និងកំពង់ផែបានយូរប៉ុនណាទៀត នៅចំពោះមុខការកើនឡើងនៃការវាយប្រហារដោយមីស៊ីលពីរុស្ស៉ី?

ក្រៅតែបារម្ភពីផលវិបាកធ្ងន់ធ្ងរសម្រាប់អ៊ុយក្រែន សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន ក៏កំពុងចាប់ផ្ដើមគិតដែរពីផលប៉ះពាល់ដែលអាចនឹងកើតឡើង ក្នុងករណីរុស្ស៉ីអាចយកឈ្នះ លើអ៊ុយក្រែន។ ការគិតគូរទាំងនោះរួមមានទាំងហានិភ័យនៃការជំរុញទឹកចិត្តរុស្ស៉ីឱ្យបើកការវាយប្រហារលើសមាជិកបក្សសម្ព័ន្ធណាតូណាមួយនៅពេលអនាគត ហើយ ផលវិបាកទៀតសោត អាចនឹងជះឥទ្ធិពលដល់ពិភពលោកទាំងមូល ជាពិសេសវានឹងកាន់តែធ្វើឱ្យដៃគូ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនាំគ្នាចោទសួរ «ថាតើពួកគេ ពិតជាអាចបន្តទុកចិត្តលើពាក្យសន្យារបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារពួកគេទៅថ្ងៃមុខ ដែរឬក៏យ៉ាងណា?» ផលវិបាកខាងយុទ្ធសាស្ត្របែបនេះគឺនឹងមានសភាពធ្ងន់ធ្ងរ ជាងផលវិបាកកើតចេញពីការដកកងទ័ពពីប្រទេសអាហ្វហ្កានីស្ថានរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២១ទៅទៀត។ ផលវិបាកនេះនឹងកាន់តែមានសភាពធ្ងន់ធ្ងរជាងនេះ ប្រសិនបើលោក ដូណាល់ ត្រាំ អាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មីនៅឆ្នាំ២០២៤ ហើយបើលោកធ្វើតាមការសន្យាដោយដកសហរដ្ឋអាមេរិកចេញពី បក្សសម្ព័ន្ធធំៗដូចជាណាតូ និងធ្វើការសម្រុះសម្រួលជាមួយលោក ពូទីន ពាក់ព័ន្ធនឹងអ៊ុយក្រែនមែននោះ។

ការព្រួយបារម្ភទាំងនេះបានលេចចេញជារូបរាងជាបណ្ដើរៗ នៅក្នុងសុន្ទរកថារបស់មេដឹកនាំអឺរ៉ុបមួយចំនួន។ តួយ៉ាង នាយករដ្ឋមន្ត្រីអៀរឡង់ លោក Leo Varadkar បានលើកឡើងថា «ប្រសិនបើអ៊ុយក្រែនមិនទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុនទេ នោះលោក ពូទីននឹងទទួលបានជ័យជម្នះ»។ លោក Varadkar ធ្វើការកត់សម្គាល់បែបនេះ កាលពីសប្ដាហ៍មុននៅឯកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបជាទីដែលមេដឹកនាំអឺរ៉ុបបរាជ័យអនុម័តកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន ដោយគ្រាន់តែ យល់ព្រមជានិមិត្តរូបត្រួសត្រាយផ្លូវ​ឱ្យអ៊ុយក្រែនក្លាយជាសមាជិក EU នៅពេលអនាគតប៉ុណ្ណោះ។

ចំណែក នៅសហរដ្ឋអាមេរិកឯណោះវិញ លោកប្រធានាធិបតី ចូ បៃដិន កាលពីសប្ដាហ៍មុនបានសន្យាថានឹងគាំទ្រអ៊ុយក្រែន «តាមដែលយើងអាចធ្វើទៅបាន» ផ្ទុយទៅនឹង វោហាសាស្ត្រកន្លងមកដែលលោកតែងតែសន្យាថា «សហរដ្ឋអាមេរិកនឹងគាំទ្រអ៊ុយក្រែន ឱ្យតែអ៊ុយក្រែនត្រូវការ»។ ក្រុមអ្នកសាធារណរដ្ឋមួយចំនួន ក្នុងសភាអាមេរិកទាំង២ បានជំទាស់ការអនុម័តកញ្ចប់ជំនួយយោធា ៦១ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ រហូតទាល់តែលោក ចូ បៃដិន យល់ព្រមធ្វើសម្បទានជុំវិញសំណើរបស់ពួកគេ ពាក់ព័ន្ធនឹង ការរឹតបន្តឹងគោលនយោបាយនៅតាមតំបន់ព្រំដែនអាមេរិក និងម៉ិកស៉ិក។ ប៉ុន្តែ មកទល់នឹងពេលនេះគណបក្សធំទាំង២ នៅតែមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀង នៅឡើយទេ ស្របពេលមន្ទីរបញ្ចកោណបានព្រមានថាថវិកាសម្រាប់ទិញអាវុធឱ្យអ៊ុយក្រែននឹងត្រូវអស់ នៅថ្ងៃទី៣០ ខែធ្នូ ប្រសិនបើសភាមិនព្រមទម្លាក់ កញ្ចប់ថវិកាថ្មីទេនោះ។

បន្ថែមពីលើការកើនឡើងក្ដីកង្វល់ពីភាពជាប់គាំងនៃជំនួយសម្រាប់អ៊ុយក្រែន ការខកចិត្តចំពោះលទ្ធផលមិនគាប់ប្រសើរនៃប្រតិបតិការវាយបករបស់អ៊ុយក្រែន ក្នុងឆ្នាំ២០២៣នេះ ក៏បាន និងកំពុងបង្កើនការសង្ស័យរឹតតែខ្លាំងដែរថាតើការប្រកាសជាសាធារណៈពីគោលដៅរបស់អ៊ុយក្រែន ក្នុងការដណ្ដើមទឹកដីរបស់ខ្លួនមកវិញ អាចនឹងក្លាយជាការពិតបានដែរឬទេ? លោកស្រី Kristine Berzina ជានាយកគ្រប់គ្រងមកពីវិទ្យាស្ថាន German Marshall Fund ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា លទ្ធភាពដែលអ៊ុយក្រែនអាចនឹងបាត់បង់ទឹកដី និងអធិបតេយ្យរបស់ខ្លួនបន្ថែមគឺនៅតែមាន។ ដោយឡែក បើតាមក្រុមមន្ត្រីអឺរ៉ុប រុស្ស៉ីអាចនឹងជំរុញការវាយកាន់កាប់ទឹកដី បន្ថែម ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ប្រសិនបើអ៊ុយក្រែនមិនអាចទទួលបានអាវុធដែលពួកគេត្រូវការជាចាំបាច់ ដើម្បីការពារខ្លួនទេនោះ។ ដូច្នេះប្រសិនបើមិនអាចការពារ ខ្លួនឯងបានទេ នោះអ៊ុយក្រែនអាចនឹងត្រូវបង្ខំចិត្តទទួលយកបទឈប់បាញ់មួយ ក្រោមលក្ខខណ្ឌរបស់រុស្ស៉ី។

គួរបញ្ជាក់ថា ក្រុមមន្ត្រីនៅតាមបណ្ដាប្រទេសក្នុងតំបន់បាល់ទិក បានប្រាប់ប្រជាជនរបស់ពួកគេរួចទៅហើយឱ្យត្រៀមលក្ខណៈសម្រាប់សង្រ្គាមបន្ទាប់ ពីព្រោះកងទ័ពរបស់ លោក ពូទីន មិនត្រូវបានបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែនឡើយ។ ជាក់ស្ដែង ប្រមុខយោធាអេស្ដូនី លោក Martin Herem បាននិយាយចំៗថា «រុស្ស៉ីមិនខ្លាចណាតូនោះទេ»។ ប្រមុខយោធាអេស្ដូនីរូបនេះ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក កាលពីសប្ដាហ៍មុន ក៏បានធ្វើការសន្និដ្ឋានមួយដែរថាយោធារុស្ស៉ី នឹងត្រៀមលក្ខណៈរួចរាល់ ដើម្បី បើកការវាយប្រហារលើណាតូ ក្នុងរយៈពេលមួយឆ្នាំ នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនបិទបញ្ចប់។ ការព្រួយបារម្ភនេះបានផ្ទុះខ្លាំងឡើង បន្ទាប់ពីលោក ពូទីន បានព្រមាន កាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូថារុស្ស៉ីមានផែនការដាក់ពង្រាយកងទ័ពបន្ថែមនៅក្បែរព្រំដែនជាមួយហ្វាំងឡង់ ដែលទើបតែចូលជាសមាជិកណាតូ បើទោះជាលោកច្រានចោល ការលើកឡើងរបស់លោក បៃដិនថារុស្ស៉ីអាចនឹងបើកការវាយប្រហារលើសមាជិកណាតូក៏ដោយ។ «ពីមុនវាមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែឥលូវវាជាបញ្ហា»។ ជាការលើកឡើង របស់លោក ពូទីន ដោយសំដៅលើការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់។

បើតាមរបាយការណ៍មួយរបស់វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម (Institute for the Study of War) ដោយសារតែកងទ័ពរុស្ស៉ីស្ថិតនៅកៀកនឹងព្រំដែន ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងរូម៉ានី ហើយគួបផ្សំនឹងតំបន់គ្រីមៀផ្ដល់ទីតាំងយុទ្ធសាស្ត្រល្អសម្រាប់រុស្ស៉ី ក្នុងតំបន់សមុទ្រខ្មៅផងនោះ សហរដ្ឋអាមេរិកត្រូវតែបង្កើនការចូលរួមយ៉ាងធំ ក្នុងការពង្រឹងសមត្ថភាពកងទ័ពអឺរ៉ុបឱ្យមានសមត្ថភាពកំញើញដ៏ពិតប្រាកដ បូករួមទាំងការដាក់ពង្រាយកងទ័ពថ្មើរជើង និងយន្ដហោះចម្បាំងបំបាំងកាយរបស់ខ្លួនក្នុងចំនួន ដ៏ច្រើន។ ប៉ុន្តែ ក្រុមអ្នកវិភាគខ្លះទៀតជឿថាដោយសារតែសមត្ថភាពមានព្រំដែន សេតវិមានអាចនឹងត្រូវបង្ខំចិត្តធ្វើការជ្រើសរើសយកមួយ ថាតើត្រូវរក្សាកងទ័ពដ៏ច្រើនគ្រប់គ្រាន់ ក្នុងតំបន់អាស៊ីដើម្បីការពារតៃវ៉ាន់ ពីការវាយប្រហារណាមួយពីចិន ឬក៏ត្រូវបង្កើនការដាក់ពង្រាយទ័ពនៅអឺរ៉ុប ដើម្បីកំញើញកុំឱ្យរុស្ស៉ីវាយប្រហារលើណាតូ? នៅត្រង់នេះ ក្រុមអ្នកវិភាគដឹកនាំដោយ លោក Frederick W. Kagan បាននិយាយនៅក្នុងរបាយការណ៍ដដែលថា «វាត្រូវតែមានការលះបង់ ដរាបណា ការគំរាមកំហែងពីរុស្ស៉ីនៅតែមាន ឬអាចមានជាអចិន្ត្រៃយ៍»