(វ៉ាស៊ីនតោន)៖ តុលាការកំពូលប្រចាំរដ្ឋ Colorado នៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនស័ក្តិសមកាន់តំណែងនៅសេតវិមាននោះទេ ហើយបានហាមមិនឱ្យរូបលោកឈរឈ្មោះនៅក្នុងរដ្ឋនេះទេ សម្រាប់ការបោះឆ្នោតបឋមនៅក្នុង គណបក្សសាធារណរដ្ឋ នាពេលមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

ការសម្រេចចិត្តខាងលើរបស់តុលាការកំពូលនៃរដ្ឋ Colorado ធ្វើឡើងក្នុងសំឡេងគាំទ្រ៤ ទល់៣សំឡេងជំទាស់ ដោយសំអាងថាលោក ដូណាល់ ត្រាំ បានប្រព្រឹត្តល្មើសរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងនាទីនៅក្នុងសកម្មភាពបះបោរ អំឡុងការវាយប្រហារលើវិមាន Capitol ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ «ចៅក្រមភាគច្រើននៃតុលា បានសម្រេចថាលោក ត្រាំ មិនស័ក្តិសមកាន់តំណែងជាប្រធានាធិបតីនោះទេ ផ្អែកលើផ្នែកទី៣ នៃច្បាប់វិសោធនកម្មទី១៤»។ នេះជាការបញ្ជាក់របស់តុលាការកំពូលប្រចាំរដ្ឋ Colorado ហើយផ្នែកទី៣ នៃច្បាប់វិសោធនកម្មទី១៤ នេះគឺជាច្បាប់រដ្ឋធម្មនុញ្ញកំណត់ពីការហាមឃាត់អ្នកដែលចូលរួមក្នុងសកម្មភាពឧទ្ទាម ឬបះបោរមិនឱ្យកាន់តំណែងនៅសេតវិមាន។

គួរបញ្ជាក់ថា ការសម្រេចរបស់តុលាការប្រចាំរដ្ឋ Colorado គឺអនុវត្តតែទៅលើការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋប្រចាំរដ្ឋនេះ នៅថ្ងៃទី៥ ខែមីនា តែប៉ុណ្ណោះ។ ការសម្រេចនេះដែរក៏ត្រូវបានគេមើលឃើញដែរថាអាចនឹងប៉ះពាល់ដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៤។ ប៉ុន្តែ ក្រុមអ្នកតាមដានការបោះឆ្នោតអាមេរិកបានចាត់ទុកថារដ្ឋ Colorado គឺ ជាមូលដ្ឋានមួយរបស់គណបក្សប្រជាធិបតេយ្យ ដែលនេះមានន័យថាលោក ចូ បៃដិនអាចនឹងឈ្នះក្នុងរដ្ឋនេះ បើទោះជាមានការកំណត់យ៉ាងណាលើ ជោគវាសនារបស់លោក ត្រាំក៏ដោយ។

តុលាការកំពូលប្រចាំរដ្ឋ Colorado បានសម្រេចចិត្តពន្យារពេលការចូលជាធរមាននៃការសម្រេចខាងលើ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ដើម្បី បើកផ្លូវសម្រាប់ការប្ដឹងជំទាស់ទៅតុលាការកំពូលអាមេរិក ដែលជាអ្នកសម្រេចចុងក្រោយ៕

រូបភាពពី Reuters