(វ៉ាស៊ីនតោន)៖ មេដឹកនាំព្រឹទ្ធសភាអាមេរិកទាំងមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចអនុម័តកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន ឱ្យបានមុនដំណាច់ឆ្នាំ២០២៣នេះបាននោះឡើយ ខណៈ គណបក្សទាំង២ កំពុងព្យាយាមស្វែងរកការសម្រុះសម្រួលមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម មេដឹកនាំព្រឹទ្ធសភាអាមេរិកសំឡេងភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer និងមេដឹកនាំ សំឡេងភាគតិចនៃគណបក្សសាធារណរដ្ឋ លោក Mitch McConnell បានគូសបញ្ជាក់ដូច្នេះថា «ខណៈក្រុមអ្នកចរចាកំពុងដោះស្រាយបញ្ហា នៅសេសសល់ យើងសង្ឃឹមថាកិច្ចប្រឹងប្រែងរបស់ពួកគេនឹងអនុញ្ញាតឱ្យព្រឹទ្ធសភាធ្វើសកម្មភាពភ្លាមៗ...នៅដើមឆ្នាំថ្មីខាងមុខ»

គួរបញ្ជាក់ថា ការប្រកាសរបស់ព្រឹទ្ធសភាអាមេរិក គឺជាបរាជ័យថ្មីមួយទៀតសម្រាប់លោក ហ្សេលេនស្គី បន្ទាប់ពីលោកបានបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីពាក់កណ្ដាលខែធ្នូនេះ ដើម្បីបញ្ចុះបញ្ចូលឱ្យសភាទាំង២របស់សហរដ្ឋអាមេរិកអនុម័តកញ្ចប់ជំនួយថ្មី ដើម្បី អាចឱ្យកងទ័ពអ៊ុយក្រែនបន្តការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។ ព្រមពេលជាមួយគ្នា ក៏មានការព្រមានជាច្រើនផងដែរថាបើគ្មានជំនួយពី លោកខាងលិចជាពិសេសពីសហរដ្ឋអាមេរិកទេ នោះលោក ពូទីន អាចនឹងក្លាយជាអ្នកឈ្នះក្នុងសង្រ្គាមអ៊ុយក្រែន៕

រូបភាពពី AFP