(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូនេះបាននិយាយថារុស្ស៉ីត្រៀមខ្លួនរួចជាស្រេចដើម្បីចរចា ជាមួយអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុប អំពីអនាគតរបស់អ៊ុយក្រែន ប្រសិនបើពួកគេយល់ព្រម ប៉ុន្តែថាទីក្រុងមូស្គូនឹងការពារ ផលប្រយោជន៍ជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

កន្លងមក លោក ពូទីន ក៏ធ្លាប់បានលើកឡើងដូចគ្នានេះដែរថារូបលោកត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចពិភាក្សាពីសន្តិភាព ខណៈក្រុមមន្ត្រី លោកខាងលិចនិយាយថាលោកកំពុងរង់ចាំអ៊ុតមើលលទ្ធផលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ជាមុនសិន មុននឹង សម្រេចចិត្តថាត្រូវ ឬមិនត្រូវចរចា។

ថ្លែងប្រាប់ថ្នាក់ដឹកនាំក្រសួងការពារជាតិរុស្ស៉ី ក្នុងកិច្ចប្រជុំមួយ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «នៅអ៊ុយក្រែន មនុស្សដែលមាន អរិភាពចំពោះរុស្ស៉ី រួមទាំងមនុស្សនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ថាតើពួកគេចង់ចរចាដែរឬទេ? ដូច្នេះវាអាស្រ័យលើពួកគេ ចង់ ឬមិនចង់ រីឯពួកយើងវិញ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាដោយឈរលើមូលដ្ឋានប្រយោជន៍ជាតិរបស់យើង»

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ រុស្ស៉ីកំពុងគ្រប់គ្រង ១៧.៥ភាគរយ នៃទឹកដីអ៊ុយក្រែន ហើយបើតាមលោក ពូទីន មូស្គូនឹងមិន បោះបង់ចោលនូវអ្វីដែលជាកម្មសិទ្ធិរបស់រុស្ស៉ីនោះទេ៕

រូបភាពពី Reuters