(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា ការផ្តល់សច្ចាប័នរបស់សភាតួកគីលើសមាជិកភាពរបស់ប្រទេសស៊ុយអែតក្នុងអង្គការ NATO អាស្រ័យលើការយល់ព្រមរបស់សភាអាមេរិកលើសំណើរបស់ខ្លួនក្នុងការទិញយន្តហោះចម្បាំង F-16 ដោយអំពាវនាវឱ្យសភានីតិបញ្ញត្តិទាំងពីរ ធ្វើសកម្មភាពក្នុងពេលដំណាលគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងការអត្ថាធិប្បាយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះ លោក Erdogan ក៏បាននិយាយផងដែរថា ប្រទេសកាណាដា និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត គួរតែលុបចោលការហាមឃាត់អាវុធលើតួកគី។ លោកបាននិយាយដូច្នេះថា «ការវិវឌ្ឍន៍ជាវិជ្ជមានពីសហរដ្ឋអាមេរិកទាក់ទងនឹងបញ្ហាយន្តហោះ F-16 និងការរក្សារបស់កាណាដាចំពោះការសន្យារបស់ខ្លួន វានឹងពន្លឿនទស្សនៈវិជ្ជមានរបស់សភារបស់យើងចំពោះ (សមាជិកភាពរបស់ស៊ុយអែត)...ទាំងអស់នេះត្រូវបានភ្ជាប់មកជាមួយ»។

លោក​បាន​ធ្វើ​ការ​អត្ថាធិប្បាយបែបនេះ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ នៅពេលត្រឡប់​ពី​ទស្សនកិច្ច​នៅ​ប្រទេសហុងគ្រី​។ ហុងគ្រី និងតួកគីគឺជាសមាជិកតែពីរគត់ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលមិនបានអនុម័តជាផ្លូវការ លើពាក្យសុំចូលជាសមាជិករបស់ស៊ុយអែត។

លោក Erdogan បានបញ្ជូនពិធីសារស្តីពីការចូលជាសមាជិកសភារបស់ប្រទេសស៊ុយអែតកាលពីខែតុលា ប៉ុន្តែដំណើរការផ្តល់សច្ចាប័នត្រូវបានជាប់គាំង។
ចាប់តាំងពីពេលនោះមក មេដឹកនាំតួកគីរូបនេះ បានភ្ជាប់បញ្ហានេះទៅនឹងការយល់ព្រមរបស់សភាអាមេរិក ចំពោះសំណើរបស់តួកគីក្នុងការទិញយន្តហោះចម្បាំង F-16 ចំនួន ៤០ គ្រឿងដើម្បីធ្វើទំនើបកម្មកងនាវាដែលមានស្រាប់របស់ខ្លួន។

គួរបញ្ជាក់ថា តួកគីបានពន្យារពេលការផ្តល់សច្ចាប័នសមាជិកភាពរបស់ប្រទេសស៊ុយអែតអស់រយៈពេលជាងមួយឆ្នាំ។ ទីក្រុងអង់ការ៉ាបានចោទប្រកាន់ប្រទេសនេះថា មិនបានយកចិត្តទុកដាក់លើបញ្ហាសន្តិសុខរបស់ប្រទេសខ្លួនឱ្យបានហ្មត់ចត់គ្រប់គ្រាន់ទេ រួមទាំងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃឺដ និងក្រុមផ្សេងទៀត ដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាការគំរាមកំហែងផ្នែកសន្តិសុខរបស់ខ្លួន៕

រូបភាពពី AFP