(ម៉ូស្គូ)៖ រុស្ស៊ីបានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា កងកម្លាំងអ៊ុយក្រែនប៉ុនប៉ងវាយប្រហារទីក្រុងមូស្គូ ដោយប្រើយន្តហោះដ្រូនគ្មានមនុស្សបើក ប៉ុន្តែបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបំផ្លាញយន្តហោះដ្រូនទាំងនោះ ហើយកម្ទេចកម្ទីរបស់វាបានធ្លាក់នៅខាងក្រៅរដ្ឋធានី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៣។

ជម្លោះរយៈពេលជិតពីរឆ្នាំកន្លងមកនេះ រវាងទីក្រុងម៉ូស្គូ និងក្រុងគៀវត្រូវបានមើលឃើញថា ភាគីទាំងពីរបញ្ជូនយន្តហោះដ្រូនចូលទៅក្នុងទីប្រជុំជនរបស់គ្នាទៅវិញទៅមក ដោយអ៊ុយក្រែនបានប្រកាសថា ខ្លួនបានបំផ្លាញយន្តហោះដ្រូនដែលផលិតឡើងដោយអ៊ីរ៉ង់ ក្នុងការវាយប្រហារពេលយប់ស្ទើតែជារៀងរាល់ថ្ងៃ។

អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin ដំបូងឡើយបានប្រកាសថា មានការវាយប្រហារដោយយន្តហោះដ្រូនលើរដ្ឋធានីរុស្ស៊ី ដោយមិនបានចោទប្រកាន់ថាក្រុងគៀវជាអ្នកទទួលខុសត្រូវ ឬដ្រូនទាំងនោះបានហោះចេញពីណានោះទេ។ ប៉ុន្តែក្រោយមក ក្រសួងការពារជាតិរុស្ស៉ីបានស្តីបន្ទោសទីក្រុងគៀវ ហើយបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានកំណត់គោលដៅលើទីក្រុងម៉ូស្គូ ជាមួយនឹងព័ត៌មានលម្អិតបន្ថែម។

សេចក្តីថ្លែងការណ៍បានលើកឡើងយ៉ាងដូច្នេះថា «យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ត្រូវបានបំផ្លាញដោយអង្គភាពការពារដែនអាកាស ដែលបំពេញកាតព្វកិច្ចនៅក្នុងតំបន់ Odintsovo នៃតំបន់មូស្គូ»។

គួរបញ្ជាក់ថា ការវាយប្រហារលើទីក្រុងម៉ូស្គូលើកនេះ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៉ីបានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនជាច្រើនគ្រឿងលើតំបន់ Bryansk ភាគខាងត្បូងជាប់ព្រំដែនជាមួយអ៊ុយក្រែន។ ទីក្រុងម៉ូស្គូបានស្តីបន្ទោសអ៊ុយក្រែន ចំពោះការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ លើរដ្ឋធានីរុស្ស៊ីកាលពីដើមឆ្នាំនេះ និងម្តងហើយម្តងទៀត បានកំណត់គោលដៅលើតំបន់ហិរញ្ញវត្ថុរបស់ទីក្រុងមួយនេះ៕

រូបភាពពី Reuters