(សាណា)៖ នៅថ្ងៃអង្គារនេះ ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៉ីរ៉ង់ បាននិយាយថា ពួកគេនឹងមិនបញ្ឈប់ការវាយប្រហារលើកប៉ាល់ដឹកជញ្ជូន ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមឡើយ បើទោះបីជាមានសេចក្តីប្រកាសដោយសហរដ្ឋអាមេរិក ស្តីពីការបង្កើតក្រុមចម្រុះមួយ ដើម្បីការពារសន្តិសុខនៅដែនសមុទ្រនេះ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។

លោក Mohammed al-Bukhaiti ដែលជាមន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រុម Houthi បានបង្ហោះសារលើបណ្តាញសង្គម X (Twitter) យ៉ាងដូច្នេះថា «ទោះបីអាមេរិកជោគជ័យក្នុងការប្រមូលផ្តុំកម្លាំងទូទាំងពិភពលោកក៏ដោយ ប្រតិបត្តិការយោធារបស់យើងនឹងមិនឈប់ដាច់ខាត ដោយមិនខ្វល់ថា ពួកយើងត្រូវពលីអស់ខ្លាំងកម្រិតណានោះទេ»។ លោក Bukhaiti បានបន្តថា ក្រុម Houthi នឹងបញ្ឈប់ការវាយប្រហារ​របស់ខ្លួន ប្រសិនបើឧក្រិដ្ឋកម្មរបស់អ៉ីស្រាអែលនៅ Gaza ត្រូវបានបញ្ឈប់ ហើយស្បៀងអាហារ ថ្នាំពេទ្យ និងឥន្ធនៈ ត្រូវបានអនុញ្ញាតឱ្យ​ចូលទៅដល់ដៃប្រជាជនប៉ាឡេស្ទីន ដែលកំពុងស្ថិតនៅទីនោះ។

មន្រ្តី Houthi បានចេញមុខនិយាយដូចខាងលើ បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសអំពី​ការបង្កើតក្រុមចម្រុះមួយ មាន១០ប្រទេសចូលរួម ដើម្បីទប់ស្កាត់ការវាយប្រហារដោយមីស៉ីលនិងដ្រូនរបស់ក្រុមឧទ្ទាមយេម៉ែន ទៅលើ​កប៉ាល់ដឹកជញ្ជូនដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ នៅក្នុងក្រុមចម្រុះនោះ ក៏រួមមានចក្រភពអង់គ្លេស បារាំង និងអ៉ីតាលី ផងដែរ។

គួរបញ្ជាក់ថា ក្រុម Houthi បានធ្វើសកម្មភាពវាយប្រហារដោយដ្រូន និងមីស៉ីលជាបន្តបន្ទាប់ ទៅលើកប៉ាល់ដែលបើកកាត់សមុទ្រក្រហម ក្រោមគោលបំណងដាក់សម្ពាធលើអ៉ីស្រាអែល ជុំវិញសង្រ្គាមដ៏បង្ហូរឈាមបំផុតរបស់ខ្លួន ប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ Gaza។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ពួក Houthi ទើបតែបានអះអាងពីការវាយប្រហារលើ កប៉ាល់២គ្រឿងទៀត នៅសមុទ្រក្រហម៕

រូបភាពពី AFP