(ស៉ីដនី)៖ គុណភាពខ្យល់ក្នុងទីក្រុងស៉ីនី នៅថ្ងៃអង្គារនេះ បានធ្លាក់មកដល់កម្រិតមួយ ដែលចាត់ទុកថាអាក្រក់បំផុត ក្នុងចំណោមទីក្រុងដ៏ទៃទៀតរបស់ពិភពលោក ខណៈផ្សែងចេញពីភ្លើងឆេះព្រៃនៅភាគខាងជើង កំពុងគ្របដណ្ដប់ពាសពេញ ទីក្រុងកំពង់ផែមួយនេះ ដោយមានសន្ទស្សន៍ប្រហាក់ប្រហែល ទៅនឹងទីក្រុងញូវដែលី របស់ប្រទេសឥណ្ឌាដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ទោះបីជាផ្សែងអ័ព្ទគឺជាករណីមួយដ៏កម្រនៅក្នុងទីក្រុងស៉ីដនី ដែលត្រូវបានគេស្គាល់មានឆ្នេរខ្សាច់ស្រស់ស្អាត និងផ្ទៃមេឃពណ៌ខៀវស្រងាត់ក៏ដោយ តែពពកពណ៌ប្រផេះកំពុងគ្របដណ្តប់លើទីសំណាកតំណាងឲ្យប្រទេសអូស្រ្តាលី គឺវិមាន Opera House និងស្ពាន Harbor Bridge ជាមួយនិងផ្សែងពាសពេញអាកាស។

សន្ទសន៍ខ្យល់បានឡើងដល់កម្រិត ១៦១ នៅតំបន់ទីប្រជុំជនភាគខាងជើង ចាប់តាំងពីម៉ោង៥ព្រឹក និងជាកម្រិតមួយដែលនាំឲ្យ មានការណែនាំ ឲ្យចៀសវាងការធ្វើលំហាត់បា្រណ នៅខាងក្រៅទីសាធារណៈ។ ប៉ុន្តែភ្នាក់ងារ Rural Fire Service (RFS) បាននិយាយថា មានសញ្ញានៃភាពធូស្រាល ដោយសារខ្យល់បក់ពីទិសខាងត្បូងនឹងនាំឲ្យអ័ព្ទរសាត់ចេញទៅវិញ នៅពេលល្ងាច។

គួរបញ្ជាក់ថា ផ្សែងអ័ព្ទដែលកំពុងសាយភាយក្នុងទីក្រុងស៉ីដនី បានចេញមកពីភ្លើងឆេះព្រៃនៅភាគខាងត្បូងចម្ងាយរាប់រយគីឡូម៉ែត្រ លើផ្ទៃដីប្រហែល ១៣៦,០០០ហិចតា ដែលជាតំបន់ស្ទើរតែមានទំហំប៉ុនទីក្រុងឡុងដ៍។ នៅរដូវក្តៅនេះ អាជ្ញាធរអូស្រ្តាលីបានចេញ ការព្រមានជាថ្មីអំពីភ្លើងឆេះព្រៃ ដែលមានហានិភ័យខ្ពស់ ក្រោយស្ងប់ស្ងាត់ពីររដូវកន្លងមក បើប្រៀបធៀបទៅនឹងភ្លើងឆេះព្រៃកាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ដោយកាលណោះបានបំផ្លាញ តំបន់ដែលមានទំហំប៉ុនប្រទេសតួកគី និងសម្លាប់មនុស្ស ៣៣នាក់៕

រូបភាពពី Reuters