(មូស្គូ)៖ វិមានក្រឹមឡាំងនាថ្ងៃអង្គារនេះបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានផ្ញើសារបង្ហាញការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ទៅកាន់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បន្ទាប់ពីគ្រោះរញ្ជួយដីមួយ បានសម្លាប់មនុស្សយ៉ាងហោច១១៨នាក់ តំបន់ភាគពាយព្យនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្ស៉ី បាននិយាយក្នុងសារផ្ញើទៅកាន់លោកប្រធានាធិបតីចិន យ៉ាងដូច្នេះថា «នៅប្រទេសរុស្ស៉ី ពួកយើងសូមសម្តែងការចូលរួមរំលែកទុក្ខ ដល់អ្នកទាំងឡាយដែលត្រូវរងក្តីឈឺចាប់ដោយសារ ការបាត់បង់មនុស្សជាទីស្រឡាញ់ នៅក្នុងគ្រោះមហន្តរាយរញ្ជួយដីនេះ ហើយសង្ឃឹមថា អ្នកដែលរងរបួសទាំងអស់ នឹងឆាប់បានជាសះស្បើយឡើងវិញ»។
គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយបំផុត មនុស្សចំនួន១០៥នាក់ បានបាត់បង់ជីវិតនៅខេត្ត Gansu និង៣៩៧នាក់រងរបួស ខណៈនៅឯខេត្ត Qinghai មានមនុស្ស១៣នាក់ស្លាប់ និង១៨២នាក់រងរបួស។ ជាមួយគ្នានេះ មនុស្ស២០នាក់ផ្សេងទៀត ក៏បានបាត់ខ្លួនផងដែរ។ គ្រោះរញ្ជួយដីខាងលើមានកម្រិត៦.២រ៉ិចទ័រ។ គ្រោះរញ្ជួយដីតែងតែកើតឡើងជារឿយៗ នៅតាមបណ្ដាខេត្តស្ថិតនៅភាគពាយព្យប្រទេសចិន តួយ៉ាងដូចជាខេត្ត Gansu ហើយគ្រោះរញ្ជួយដីមួយ ដែលផ្ដាច់ជីវិតមនុស្សច្រើនបំផុតនៅចិន ក្នុងរយៈប៉ុន្មានទសវត្សរ៍ថ្មីៗនេះ នោះគឺរញ្ជួយដីកម្រិត ៨.០រ៉ិចទ័រ ដែលបានវាយប្រហារលើខេត្ត Sichuan កាលពីឆ្នាំ២០០៨ សម្លាប់មនុស្សជិត ៧០,០០០នាក់៕
រូបភាពពី Xinhua