(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋតិចសាស់ (Texas) នៃសហរដ្ឋអាមេរិក លោក Greg Abbott កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានហត្ថលេខាលើច្បាប់មួយ ដោយនឹងអនុញ្ញាតឲ្យចាប់ខ្លួនអ្នកដែល ត្រូវគេសង្ស័យថា បានលួចឆ្លងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកដោយខុសច្បាប់ ប៉ុន្តែចំណាត់ការនេះ ទំនងជានឹងបង្កឱ្យមានការតវ៉ាជំទាស់តាមផ្លូវច្បាប់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ច្បាប់ដែលគេស្គាល់ថា SB4 នឹងចូលជាធរមានចាប់ពីខែមីនា ឆ្នាំ២០២៤ ហើយបង្កើតបទឧក្រិដ្ឋថ្នាក់រដ្ឋថ្មីមួយ សម្រាប់សកម្មភាពឆ្លងចូល ឬត្រឡប់ចូលមករដ្ឋតិចសាស់វិញដោយខុសច្បាប់ ដែលប្រឈមការជាប់ពន្ធនាគារចន្លោះចាប់ពី ១៨០ថ្ងៃ រហូតដល់ ២០ឆ្នាំ។ ចៅក្រមនៃរដ្ឋតិចសាស់ នឹងតម្រូវឱ្យបង្គាប់ឲ្យជនចំណាកស្រុកត្រឡប់ទៅម៉ិកស៉ិកវិញ រួមជាមួយការកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ សម្រាប់អ្នកដែលមិនព្រមធ្វើតាម។

លោក Abbott ក៏បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ថវិកាចំនួន ១.៥ពាន់លានដុល្លារ សម្រាប់ការសាងសង់ជញ្ជាំងព្រំដែន និងប្រតិបត្តិការផ្សេងទៀត ដែលជាផ្នែកមួយនៃថវិកាចំនួន ៥ពាន់លានដុល្លាររបស់រដ្ឋ ក្នុងកិច្ចការពារព្រំដែន។

គួរបញ្ជាក់ថា កន្លងមក រដ្ឋតិចសាស់បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់មនុស្សឆ្លងដែនខុសច្បាប់ នៅក្រោមប្រតិបត្តិការមួយឈ្មោះ Lone Star ដែលរួមមានការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិទៅកាន់ព្រំដែន ការរារាំងជនចំណាកស្រុកដោយប្រើរនាំងបន្លាលួស និងដំឡើងរបាំងបណ្តែតទឹកនៅទន្លេ Rio Grande ជាដើម។

ចំនួនជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក បានកើនឡើងចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងក្នុងឆ្នាំ ២០២១។ ទាំងលោក Abbott និងសមាជិកនៃគណបក្សសាធារណរដ្ឋផ្សេងទៀត បានស្តីបន្ទោស លោក បៃដិន ចំពោះការព្យាយាមបន្សាប គោលនយោបាយ រឹតបន្តឹងជនចំណាកស្រុករបស់អតីតប្រធានាធិបតី លោក Donald Trump៕

រូបភាពពី Reuters