(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមដំណើរការ ប្រព័ន្ធចែករំលែកទិន្នន័យប្រមូលបានភ្លាមៗ ស្តីពីការបាញ់មីស៉ីលរបស់កូរ៉េខាងជើង ខណៈប្រទេសទាំង៣ កំពុងប្រឹងប្រែងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងគ្នា ដើម្បីទប់ទល់​ការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង ដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «សមត្ថភាពអាចធ្វើប្រតិបត្តិការយ៉ាងពេញលេញ នៃប្រព័ន្ធចែករំលែក​ទាន់ពេលវេលាភ្លាមៗ សម្រាប់ទិន្នន័យស្តីពីការបាញ់មីស៉ីលរបស់កូរ៉េខាងជើង គឺត្រូវបានផ្ទៀងផ្ទាត់តាមរយៈការពិនិត្យវាយតម្លៃ នាពេលថ្មីៗនេះ ហើយឥឡូវ វាកំពុងស្ថិតក្នុងការធ្វើប្រតិបត្តិការធម្មតា។ ប្រទេសទាំង៣បានបង្កើតប្រព័ន្ធនេះឡើង ដើម្បីធានាសុវត្ថិភាពប្រជាជនរបស់ខ្លួន តាមរយៈការចាប់សញ្ញានិងវាយតម្លៃ ក្នុងពេលជាក់ស្តែងភ្លាមៗតែម្តង ទៅលើមីស៉ីលទាំងឡាយ ដែលបាញ់ដោយកូរ៉េខាងត្បូង»

គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើធ្វើឡើង នៅមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង ទើបតែបាញ់សាកល្បងមីស៉ីលបាលិស្ទីគអន្តរទ្វីបស៊េរី Hwasong-18 របស់ខ្លួន ជាលើកទី៣។ មេដឹកនាំកំពូលកូរ៉េខាងជើង ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ចំពោះការបាញ់តេស្តខាងលើ បាននិយាយថា វាបានបង្ហាញពីជម្រើស ដែលទីក្រុងព្យុងយ៉ាងនឹងជ្រើសរើសធ្វើ នៅពេលដែលទីក្រុងវ៉ាស៉ីនតោនសម្រេចចិត្តខុស។ យោង​តាមការអះអាងកាលពីថ្ងៃចន្ទ របស់ក្រសួងការពារជាតិជប៉ុន មីស៉ីល Hawsong-18 អាចមានលទ្ធភាពបាញ់បានដល់ ចម្ងាយប្រហែល​លើស ១៥,០០០គីឡូម៉ែត្រ ពោលគឺដល់គ្រប់ទីកន្លែងនៃសហរដ្ឋអាមេរិកទាំងមូល៕

រូបភាពពី Reuters