(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានព្រមានកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ១ភាគ៣នៃប្រជាជនមីយ៉ាន់ម៉ា ឬច្រើនជាង ១៨លាននាក់ ឥលូវនេះ ត្រូវការជំនួយមនុស្សធម៌ ហើយ UN កំពុងស្វែងរកកញ្ចប់ថវិកា ១ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤ ដើម្បីបំពេញតម្រូវការចាំបាច់នានា។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ស្ថាប័នអន្តរជាតិមួយនេះ បានឲ្យដឹងថា ស្ថានភាពមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែអាក្រក់ទៅៗ ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីជិត ៣ឆ្នាំ មុន។ ក្នុងរបាយការណ៍មួយរបស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់ UN បានបញ្ជាក់ថា «មីយ៉ាន់ម៉ាឈរនៅលើមាត់ជ្រោះ នៃវិបត្តិមនុស្សធម៌ឆ្នាំ២០២៤ ខណៈបច្ចុប្បន្នប្រជាជនស៉ីវិលកំពុងរស់នៅក្នុងភាពភ័យខ្លាច»

លោក Marcoluigi Corsi អ្នកសម្របសម្រួលបណ្តោះអាសន្នរបស់ UN ប្រចាំនៅមីយ៉ាន់ម៉ា បានព្រមានថា «កុមារកំពុងទទួលរងនូវវិបត្តិដ៏ធំធេង ដោយមានកុមារ ៦លាននាក់ជួបប្រទះការខ្វះខាត ដោយការផ្លាស់ទីលំនៅ រំខានដល់ការថែទាំសុខភាព និងការអប់រំ អសន្តិសុខស្បៀងអាហារ កង្វះអាហារូបត្ថម្ភ និងហានិភ័យនៃការការពារ រួមទាំងការប្រើកម្លាំងដោយបង្ខំ និងបញ្ហាផ្លូវចិត្ត»

គួរបញ្ជាក់ថា បើតាម UN តួលេខនៃប្រជាជន ១៨.៦លាននាក់ ដែលកំពុងត្រូវការជំនួយមនុស្សធម៌នាពេលបច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ា គឺមានចំនួន កើនឡើង ១លាននាក់ បើប្រៀបធៀបឆ្នាំ២០២២ និងច្រើនជាង ១៩ដង បើធៀបនឹងឆ្នាំ២០២០ មុនពេលមានរដ្ឋប្រហារយោធា៕

រូបភាពពី Reuters