(តូក្យូ)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថាត្រូវតែមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដមួយ នៅក្នុងយុទ្ធសាស្ត្រនៃ ប្រទេសរបស់លោក ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ខណៈកិច្ចខិតខំប្រឹងប្រែងការទូតជាមួយទីក្រុងប៉េកាំង កំពុងឆ្ពោះទៅរកទិសមិនល្អ។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កាលពីពេលថ្មីៗនេះ លោក Marcos បាននិយាយថា កិច្ចខិតខំប្រឹងប្រែងការទូតជាប្រពៃណី មិនត្រូវបានចិនយកចិត្តទុកដាក់។ លោក Marcos បានបញ្ជាក់ថា «មកដល់ចំណុចនេះ យើងនៅតែប្រើ វិធីសាស្រ្តការទូតបែបប្រពៃណី ប៉ុន្តែយើងបានធ្វើអស់រយៈពេលច្រើនឆ្នាំមកហើយ ជាមួយការរីកចម្រើនតិចតួចបំផុត»។ លោក Marcos បានបន្ថែមថា «វាដល់ពេលហើយ សម្រាប់ប្រទេសដែលមានអារម្មណ៍ថាពាក់ព័ន្ធនឹងរឿងនេះយើងត្រូវផ្លាស់ប្តូរទិសដៅ។ ហ្វីលីពីន ចង់ចៀសវាងជម្លោះ ដោយហិង្សា»

គួរបញ្ជាក់ថា ក្រៅពីហ្វីលីពីន សមាជិកអាស៊ានផ្សេងទៀត ដូចជា វៀតណាម ម៉ាឡេស៉ី និងព្រុយណេ ក៏បានទាមទារចំណែករៀងៗខ្លួន នៅតំបន់សមុទ្រចិនខាងត្បូង ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងមានប្រភពចំណូលពាន់លានដុល្លារក្នុង១ឆ្នាំៗ៕

រូបភាពពី Reuters