(សេអ៊ូល)៖ បញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UNC) បាននិយាយនៅថ្ងៃអង្គារ ទី១៩ ខែធ្នូនេះថាកងទ័ពអន្តរជាតិដែលកំពុងឈរជើងនៅឯភូមិ Panmunjom ផ្នែកទឹកដីកូរ៉េខាងត្បូង ជាប់ព្រំដែនជាមួយកូរ៉េខាងជើង និងដែលកន្លងមកបានរំសាយអាវុធ គឺអាចកាន់កាំភ្លើងឡើងវិញបាន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

UNC ដឹកនាំដោយសហរដ្ឋអាមេរិក គឺជាកងកម្លាំងយោធាចម្រុះជាតិសាសន៍ និងមានភារកិច្ចត្រួតពិនិត្យស្ថានការណ៍នៅតំបន់ព្រំដែនគ្មានយោធារវាង កូរ៉េទាំង២ នៃភូមិ Panmunjom។ បើតាមអ្នកនាំពាក្យ UNC លោក Isaac Taylor ការសម្រេចចិត្តអនុញ្ញាតឱ្យកងទ័ព UNC កាន់កាំភ្លើងឡើងវិញ ធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើង បានបំពាក់អាវុធឡើងវិញឱ្យទាហានរបស់ខ្លួន ដែលឈរជើងនៅតាមបណ្ដោយព្រំដែនជាមួយកូរ៉េខាងត្បូង។ លោក Taylor បន្ថែមថាការសម្រេចចិត្តរបស់ UNC ក៏មានគោលដៅការពារទាំងជនស៊ីវិល និងទាហានរបស់ខ្លួននៅតំបន់ព្រំដែនអន្តរកូរ៉េ។

គួរបញ្ជាក់ថា កូរ៉េទាំង២ បានឯកភាពគ្នាកាលពីឆ្នាំ២០១៨ រំសាយការបំពាក់អាវុធដល់កងទ័ពរបស់ខ្លួននៅតំបន់ព្រំដែន ក្រោមកិច្ចព្រមព្រៀងអន្តរកូរ៉េ មួយ។ ប៉ុន្តែ កងទ័ពកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានកាន់កាំភ្លើងឡើងវិញ ចាប់តាំងពីខែវិច្ឆិកាកន្លងទៅ ក្រោយកូរ៉េទាំង២ ចោទប្រកាន់ដាក់គ្នា ទៅវិញទៅមក និងព្យួរកិច្ចព្រមព្រៀងនេះចោល ពាក់ព័ន្ធនឹងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់កូរ៉េខាងជើងក្នុងខែដដែលនោះ៕

រូបភាពពី Reuters