(កៀវ)៖ ប្រមុខកងទ័ពអ៊ុយក្រែន លោកនាយឧត្តមសេនីយ៍ Valeriy Zaluzhnyi បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាស្ថានការណ៍ នៅសមរភូមិមុខក្នុងសង្រ្គាមប្រឆាំងនឹងកងកម្លាំងរុស្ស៉ី មិនមែនកំពុង ឬបានឈានដល់ដំណាក់កាលជាប់គាំងនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើគេចាំមិនភ្លេចទេ នៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយកាលពីខែវិច្ឆិកា លោក Valeriy Zaluzhnyi ធ្លាប់បាននិយាយថាសង្រ្គាមវាយបណ្ដេញ កងកម្លាំងរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែនបានឈានចូលដល់ដំណាក់កាលជាប់គាំង ហើយការលើកឡើងបែបនេះត្រូវបានបដិសេធភ្លាមៗដោយលោក ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ប៉ុន្តែជាថ្មីម្ដងទៀត នៅពេលត្រូវបានសាកសួរថាតើលោកចាត់ទុកថាស្ថានការណ៍នៅសមរភូមិសព្វថ្ងៃកំពុង ជាប់គាំង ឬដែរក៏យ៉ាងណា? ប្រមុខកងទ័ពអ៊ុយក្រែនរូបនេះបាននិយាយថា «ស្ថានការណ៍មិនមែនកំពុងជាប់គាំងនោះទេ» និងបដិសេធនិយាយ ពាក់ព័ន្ធនឹងផែនការនៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន នៅរដូវរងានេះ។ «នេះគឺជាសង្រ្គាម ដូច្នេះខ្ញុំមិនអាចនិយាយពីផែនការ ឬក៏អ្វីដែលខ្ញុំ ត្រូវធ្វើឡើយ»។ នេះជាការបញ្ជាក់របស់លោក Zaluzhnyi។

គួរបញ្ជាក់ថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ប្រឆាំងនឹងកងកម្លាំងរុស្ស៉ីក្នុងឆ្នាំ២០២៣ មិនបានទទួលលទ្ធផលផ្លែផ្កាអ្វីធំដុំឡើយ ហើយ ផ្ទុយទៅវិញ កងទ័ពអ៊ុយក្រែនត្រូវកាត់បន្ថយប្រតិបត្តិការវាយលុកមួយចំនួនទៀតផង ដោយសារតែខ្វះខាតគ្រាប់កំាភ្លើងធំ ខណៈសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនទាន់អនុម័តកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន៕

រូបភាពពី Reuters