(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃអង្គារ ទី១៩ ខែធ្នូនេះថាគ្រោះរញ្ជួយដីមួយកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារលើ តំបន់ភ្នំដាច់ស្រយាលមួយ ស្ថិតនៅភាគពាយព្យប្រទេសចិន ដោយសម្លាប់មនុស្សយ៉ាងហោច ១១១នាក់ និងជាង ២៣០នាក់ផ្សេងទៀត រងរបួស។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន (CENC) បានឱ្យដឹងដែរថាគ្រោះរញ្ជួយដីខាងលើបានកើតឡើងក្នុងតំបន់ Jishishan នៃខេត្ត Gansu ស្ថិតនៅភាគពាយព្យប្រទេសចិន កាលពីពាក់កណ្ដាលយប់ឈានចូលថ្ងៃអង្គារនេះ និងមានជម្រៅរញ្ជួយដី១០គីឡូម៉ែត្រទៅក្នុងដី។ ចំណែក ក្រុមអ្នកជួយសង្រ្គោះ ២២០០នាក់ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះ ហើយយោធា និងប៉ូលិសក៏កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះផងដែរ ស្របពេលក្រុមអ្នកជំនាញកំពុងវាយតម្លៃពីទំហំនៃការខូចខាត ខណៈចំនួនអ្នកបាត់ខ្លួននៅមិនទាន់ត្រូវបានដឹងនៅឡើយទេ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីតែងតែកើតឡើងជារឿយនៅតាមបណ្ដាខេត្តស្ថិតនៅភាគពាយព្យប្រទេសចិន តួយ៉ាងដូចជាខេត្ត Gansu ហើយ គ្រោះរញ្ជួយដីមួយដែលផ្ដាច់ជីវិតមនុស្សច្រើនបំផុតក្នុងប្រទេសចិន ក្នុងរយៈប៉ុន្មានទសវត្សរ៍ថ្មីៗនេះ នោះគឺគ្រោះរញ្ជួយដីកម្រិត ៨.០រ៉ិចទ័រ វាយប្រហារលើខេត្ត Sichuan កាលពីឆ្នាំ២០០៨ ដែលសម្លាប់មនុស្សជិត ៧០,០០០នាក់៕

រូបភាពពី Xinhua