(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង នៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទ (ទី១៨ ធ្នូ) នេះ ស្របពេលដែលទីក្រុងព្យុងយ៉ាងបាញ់បង្ហោះមីស៊ីលបាលិស្ទីគរយៈចំងាយឆ្ងាយ ដែលអាចទៅដល់គ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិនបានដកស្រង់សម្តីរបស់ លោក Wang Yi ពេលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Park Myung-ho ដោយនិយាយថា ចិនតែងតែចាត់ទុកទំនាក់ទំនងរបស់ខ្លួន ជាមួយកូរ៉េខាងជើងថាជាទំនាក់ទំនងដែលមានទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង។

លោក Wang បានបន្ថែមថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការបង្កើនទំនាក់ទំនង និងការសម្របសម្រួលទៅវិញទៅមក ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាងបាននិយាយថា កិច្ចប្រជុំនេះធ្វើឡើងក្នុងបរិយាកាសមិត្តភាព ហើយឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសចិន លោក Ri Ryong Nam ក៏មានវត្តមានផងដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើង​ជា​សម្ព័ន្ធមិត្ត​ផ្លូវការ​តែ​មួយ​គត់​របស់​ចិនរ។ ប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញាឆ្នាំ ១៩៦១ ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ រួមទាំងជំនួយផ្នែកយោធាផងដែរ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារ ឬការប៉ុនប៉ងវាយប្រហារដោយប្រទេសទីបី។

យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១៨ ខែធ្នូនេះបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ បន្ទាប់ពីសេតវិមាន ព្រមានថាការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង លើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក គឺជា ថ្ងៃអវសាននៃរបបដឹកនាំលោក គីម ជុងអ៊ុន។

ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរៀបចំនូវអ្វីដែលខ្លួនហៅថា «ជាការត្រៀមសម្រាប់សង្គ្រាមនុយក្លេអ៊ែរ» ជាមួយនឹងការមកដល់នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ។ រាល់សកម្មភាពមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ត្រូវបានហាមឃាត់ដោយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទោះបីជាទីក្រុងព្យុងយ៉ាងចាត់ទុកអ្វីទាំងនេះថាជា សិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្នុងការការពារខ្លួនក៏ដោយ៕

រូបភាពពី Reuters