(សេអ៊ូល)៖ ភាពតានតឹងក្នុងដែនឧបទ្វីបកូរ៉េបានកើតឡើងសាជាថ្មី ខណៈកូរ៉េខាងជើងបានបាញ់មិស៊ីល រយៈចម្ងាយខ្លី និងចម្ងាយវែងក្រោយមានសារព្រមានពីសហរដ្ឋអាមេរិកនិយាយថា ការវាយ ប្រហារណាមួយរបស់កូរ៉េខាងជើងដាក់លើសហរដ្ឋអាមេរិកក្តី ឬលើប្រទេសជាសម្ព័ន្ធមិត្តរបស់ ខ្លួនក្តី នឹងត្រូវទទួលលទ្ធផលនៃទីអវសាន្តរបស់កូរ៉េខាងជើ

ភាពប្រឈមមុខដាក់គ្នាមួយក្នុងដែនឧបទ្វីបកូរ៉េ បាននាំឱ្យមានក្តីបារម្ភខ្លាចក្រែងសង្គ្រាមថ្មី មួយទៀតបានផ្ទុះឡើងក្នុងតំបន់អាស៊ីខាងត្បូង។ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកយ៉ាងហោចមួយគ្រាប់នៅថ្ងៃចន្ទទី១៨ធ្នូ ដែលការ បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីមានការបាញ់មីស៊ីល រយៈចម្ងាយខ្លីរបស់ខ្លួនមួយកាលពីវេលាយប់រួចមកនោះ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅព្រឹកថ្ងៃចន្ទថា មីស៊ីលបាលីស្ទីកដែល គេមិនទាន់ស្គាល់អត្តសញ្ញាណបានហោះសំដៅទៅសមុទ្ទខាងកើត។ កូរេខាងត្បូងនិយាយថា គ្រាប់មីស៊ីលនោះបានហោះរយៈចម្ងាយ៥៧០គីឡូម៉ែត្រមុននឹងធ្លាក់ចូលក្នុងដែនទឹកសមុទ្ទ ខាងកើតរបស់កូរេខាងជើង។ ការបាញ់មីស៊ីលរយៈចម្ងាយវែងនេះទៀត បានកើតឡើងបន្ទាប់ ពីកូរេខាងត្បូង បាននិយាយថាគេក៏បានរកឃើញការបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយរបស់កូរ៉េ ខាងជើងដែលទើបនឹងបាញ់ថ្មីៗកាលពីយប់ថ្ងៃអាទិត្យមកនោះផងទៀត។

ភាពប្រឈមមុខគ្នារវាងប្រទេសកូរ៉េទាំង២ វេលាចុងក្រោយនេះ ត្រូវគេកត់សម្គាល់ថាហាក់ ដូចជាមានសភាពតានតឹងសាជាថ្មី ខណៈកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងសហរដ្ឋអាមេរិក បានបង្ហាញនូវនយោបាយតតាំងរបស់ខ្លួន ប្រឆាំងនឹងកូរ៉េខាងជើងដែលមានកម្មវិធីអាវុធនុយក្លេអ៊ែ័រ។ កូរ៉េខាងជើងជាមួយនឹងកម្មវិធីនុយក្លេអ៊ែ័ររបស់ខ្លួន បានបាញ់ធ្វើតេស្តអាវុធសាកល្បងម្តងហើយម្តងទៀត ដែលប្រទេសជិតខាងក្នុងតំបន់រួមមានកូរ៉េខាងត្បូង និងប្រទេសជប៉ុនផងដែរ បារម្ភខ្លាចក្រែងការផ្ទុះសង្គ្រាម ដោយគិតថាកូរ៉េខាងជើងអាចនឹងប្រើ ប្រាស់អាវុធនុយក្លេអ៊ែ័រ បាញ់ដាក់លើប្រទេសរបស់ពួកគេ ខណៈដែលកូរ៉េខាងជើងនោះវិញ បានមើលឃើញថា ប្រទេសជាសម្ព័ន្ធមិត្តអាមេរិកនិងរដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោននោះទៅវិញ ទេ ដែលមានចេតនាមិនល្អក្នុងការចង់ប្រើកម្លាំងវាយប្រហារដាក់មកលើកូរ៉េខាងជើង។

ភាពមិនទុកចិត្តគ្នាទៅវិញទៅមកនេះ មិនមានកម្លាំងផ្សេងណាមួយអាចមកធ្វើការផ្សះផ្សា ជម្លោះនេះបានឡើយ ខណៈអង្គការសហប្រជាជាតិក៏បានប្រឆាំងចំពោះកម្មវិធីនៃអាវុធនុយក្លេ អ៊ែ័ររបស់កូរ៉េខាងជើងផងដែរ។ កូរ៉េខាងជើងដើម្បីការពារខ្លួន បានចាត់ទុកកម្មវិធីនៃអាវុធ នុយក្លេអ៊ែ័រជាខ្សែក្រវាត់ការពារដ៏រឹងមាំរបស់ខ្លួន ក្នុងការទប់ទល់ជាមួយរដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីន តោននិងប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក។

ការបាញ់សាកល្បងមីស៊ីលបាញ់ម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងវេលាចុងក្រោយនេះ គឺនៅបន្ទាប់ពីមានសម្តីព្រមានពីកូរេខាងត្បូង និងពីសហរដ្ឋអាមេរិកថា បើសិនជាមានការវាយ ប្រហារអាវុធនុយក្លេគឺនឹងរំលាយរបបដឹកនាំនៃប្រទេសកូរ៉េខាងជើង។
សារព្រមានខ្លាំងៗរបស់សហរដ្ឋអាមេរិកដាក់ទៅលើកូរ៉េខាងជើងនោះ បានធ្វើកាលពីថ្ងៃសៅរ៍
ទី១៦ធ្នូ និងក៏ជាសារដែលបន្ទរតាមសម្តីព្រមានរបស់ប្រធានាធិបតីអាមេរិកលោកចូបៃដិន ដែលកាលពីខែមេសាឆ្នាំ២០២៣កន្លងមក បាននិយាយព្រមានទៅកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងថា រាល់ការវាយប្រហារណាមួយរបស់កូរ៉េខាងជើងដាក់លើសហរដ្ឋអាមេរិកក្តី ឬលើ ប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនក្តី «នឹងត្រូវទទួលលទ្ធផលនៃទីអវសាន្តចុងក្រោយនៃរបបដឹក នាំណាក៏ដោយ ឱ្យតែហ៊ានប្រើប្រាស់សកម្មភាពបែបនោះ»

ប៉ុន្តែកូរ៉េខាងជើង មិនបាននៅស្ងៀមនឹងការព្រមានរបស់សហរដ្ឋអាមេរិកនោះឡើយ។ ក្រោយការគំរាមរបស់លោកចូបៃដិនកាលពីខែមេសារួចមកនោះ គឺនៅក្នុងខែសីហាឆ្នាំ២០២៣ ដដែលនេះ, កូរ៉េខាងជើងត្រូវគេឃើញបានធ្វើសមយុទ្ធក្លែងមួយ នៃការវាយប្រហារនុយក្លេអ៊ែ័រ ។ សមយុទ្ធក្លែងឈ្មោះ « Scorched Earth»បានបាញ់មីស៊ីបាលីស្ទីកតាក់ទីកចំនួន២គ្រាប់ ដែលគេក្លែងថាដូចជាការបាញ់គ្រាប់នុយក្លេអ៊ែ័រដាក់ទៅលើកូរេខាងត្បូង។
សមយុទ្ធក្លែងឈ្មោះ « Scorched Earth» មានន័យថាផែនដីឆេះ ដែលបាញ់មីស៊ីលបាលីស្ទីក តាក់ទិកទាំងកណ្តាលយប់នោះ ត្រូវកូរ៉េខាងជើងនិយាយថា វាថាជាការតបតនឹងសកម្ម ភាពសមយុទ្ធរបស់កូរ៉េខាងត្បូងជាមួយនឹងសហរដ្ឋអាមេរិកក្នុងដែនទឹកឧបទ្វីបកូរ៉េនាពេលនោះផងដែរ។
កូរ៉េខាងជើងបាននិយាយថា ការធ្វើតេស្តសមយុទ្ធ« Scorched Earth» គឺជាការឆ្លើយតបទៅ នឹងសហរដ្ឋអាមេរិកដែលប្រើយន្តហោះទម្លាក់គ្រាប់បែក B-1B Bombersដែលបានធ្វើទៅកាន់ តំបន់ឧបទ្វីបកូរ៉េក្នុងការចូលរួមធ្វើសមយុទ្ធជាមួយក្រុមយោធាកូរេខាងត្បូង ជាមួយនឹងកម្លាំង ជើងទឹកសហរដ្ឋអាមេរិកនាពេលនោះ។

ក្រោយព្រឹត្តិការណ៍« Scorched Earth» កន្លងផុតប្រមាណជាងបីខែ, ក្តីបារម្ភខ្លាចក្រែងមាន ការផ្ទុះសង្គ្រាមក្នុងដែនឧបទ្វីបកូរ៉េ ក៏បានមកដល់សាជាថ្មីថែមទៀត។
សហរដ្ឋអាមេរិក និងកូរេខាងត្បូង កាលពីថ្ងៃសុក្រសប្តាហ៍មុនបានធ្វើកិច្ចប្រជុំយោធាជាមួយគ្នា ក្នុងសហរដ្ឋអាមេរិក ដោយក្រុមពិគ្រោះយោបល់យោធានៃប្រទេសទាំង២នេះ បានជជែកលើ បញ្ហាការទប់ស្កាត់គ្រាប់នុយក្លេអ៊ែ័រកូរ៉េខាងជើង ប្រសិនណាបើមានទំនាស់នឹងកើតឡើងមែននោះ។ កិច្ចប្រជុំនោះត្រូវគេរាយការណ៍ នៅបានដាក់ចេញគម្រោងពង្រីកការធ្វើសមយុទ្ធយោ ធារួមគ្នាប្រចាំឆ្នាំនៅក្នុងឆ្នាំ២០២៤ រួមទាំងលំហាត់នៃប្រតិបត្តិការអាវុធនុយក្លេអ៊ែ័រផងទៀត។

មន្ត្រីនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង ជាមួយនឹងការឃើញគំរោងនៃសកម្មភាពរបស់សហរដ្ឋ អាមេរិកនិងកូរេខាងត្បូង បំរុងធ្វើនៅក្នុងតំបន់ដែនទឹកនៅអាស៊ីខាងត្បូងនេះ បាន ប្រញាប់ធ្វើការព្រមានតបតទៅវិញ។ សេចក្តីប្រកាសថ្លែងការណ៍មួយរបស់កូរ៉េខាងជើងតាមរយៈសារព័ត៌មានកូរ៉េខាងជើង KCNA បានសរសេរចាត់ទុកថា «នេះគឺជាការប្រកាសដោយបើកចំហរលើការប្រឈមមុខអាវុធនុយក្លេអ៊ែ័រ ក្នុងការចង់ប្រើប្រាស់អាវុធនុយក្លេអ៊ែ័រដាក់លើទឹកដីកូរ៉េខាងជើង»។ កូរេខាងជើងបានព្រមានមកវិញថា «ការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងកូរ៉េខាងជើង ពួកគេនឹងត្រូវប្រឈមចំពោះគ្រោះថ្នាក់នៃសកម្មភាពត្រៀមវាយប្រហារទប់ទល់ ទុកជាមុនរបស់កូរ៉េខាងជើង»។

នៅថ្ងៃអាទិត្យទី១៧ធ្នូឆ្នាំ២០២៣ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយរបស់ខ្លួន ធ្លាក់ចូលក្នុងដែនសមុទ្ទ។
ការបាញ់មីស៊ីលរយៈចម្ងាយខ្លីកាលពីថ្ងៃអាទិត្យនោះ បានកើតឡើងនៅពេលដែលក្រុង ព្យុងយ៉ាងប្រារព្ធខួបនៃការបាត់បង់ជីវិតរបស់ឳពុកលោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល ដែលបានទទួលមរណភាពថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១១។ ប៉ុន្តែការបាញ់មីស៊ីលទាំងរយៈចម្ងាយខ្លីនិងចម្ងាយវែងរបស់កូរ៉េខាងជើងទាំងនោះ ត្រូវទីបញ្ជាការឥណ្ឌូ ប៉ាស៊ីហ្វិក របស់អាមេរិកបាននិយាយថា មិនបានធ្វើឱ្យសហរដ្ឋអាមេរិកខ្លាចញញើតឡើយ។ សេចក្តីថ្លែង ការណ៍របស់ទីបញ្ជាការដ្ឋានដដែលរបស់អាមេរិកបាននិយាយបន្តថា «បើទោះបីជាការបាញ់មីស៊ីលនោះ វាមិនបង្កការគំរាមកំហែងដល់ទឹកដីអាមេរិក ឬសម្ព័ន្ធមិត្ត របស់ក្រុងវ៉ាស៊ីនតោនក៏ដោយ ប៉ុន្តែវាបាន បង្ហាញពី «ភាពប៉ះពាល់អស្ថិរភាពនៃកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង»

សេចក្តី​ថ្លែងការណ៍​ដដែលនោះ​បាន​បន្ត​ថា​៖ «​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​វិស័យ​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ជប៉ុន​នៅ​តែ​មាន​ភាព​រឹង​មាំ» មានន័យថាបើសិនជាកូរ៉េ ខាងជើងវាយប្រហារដោយគ្រាប់នុយក្លេអ៊ែ័រដាក់លើសហរដ្ឋអាមេរិក ឬលើប្រទេសជាសម្ព័ន្ធមិត្ត នឹងត្រូវប្រឈមការវាយតបតមកវិញយ៉ាងលឿន និងក៏ជាការឈានបញ្ចប់ដល់របបដឹក នាំកូរ៉េខាងជើងថែមទៀត។

កូរ៉េខាងជើងកាលពីឆ្នាំមុនបានប្រកាសខ្លួនឯងថា ជាមហាអំណាចនុយក្លេអ៊ែរដែលមិនអាច មានការប្រែប្រួលបានឡើយ។ កូរ៉េខាងជើង បានប្រកាសទៀតថាគេនឹងមិនបោះបង់ចោលនូវ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយកូរ៉េខាងជើងបានចាត់ទុកថា វាជាកត្តាចាំបាច់ សម្រាប់ការរស់រានមានជីវិតរបស់ប្រទេសកូរ៉េខាងជើងទាំងមូលនោះ។
កូរ៉េខាងជើង កាលពីខែវិច្ឆិកាកន្លងមកនេះទៀត នៅបានបាញ់បង្ហោះផ្កាយរណប​ចារកម្ម​យោធា​របស់ខ្លួនប្រកបដោយ​ជោគជ័យ​ចូលទៅ​ក្នុង​គន្លង​តារាវិថីថែមទៀត។

កូរ៉េខាងជើងថែមទាំងបានអះអាងទៀតថា ភ្នែករបស់កូរ៉េខាងជើងនៅលើមេឃបានជួយផ្តល់នូវរូបភាពនៃ ទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមកឱ្យកូរ៉េខាងជើងផងដែរ។
សង្គ្រាមធំៗ២ក្នុងពិភពលោក គឺសង្គ្រាមអ៊ុយក្រែននិងសង្គ្រាមរវាងអ៊ិស្រាអែលនិងក្រុមហា ម៉ាសប៉ាឡេស្ទីន បានធ្វើឱ្យពិភពលោករងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅហើយលើកត្តាសេដ្ឋ កិច្ចនិងនយោបាយ។ ប្រសិនបើសង្គ្រាមថ្មីមួយទៀត នឹងផ្ទុះឡើងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៀត ពិភពលោកនឹងធ្លាក់ចុះកាន់តែជ្រៅក្នុងវិបត្តិសង្គ្រាម ដែលនឹងមិនអាចអ្នកណាជួយអ្នកណាបានឡើយ៕