(អាម៉ាន់)៖ កងទ័ពហ៊្សកដានី បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនរឹបអូសបានអាវុធ និងថ្នាំញៀនមួយចំនួន ក្រោយពីប៉ះទង្គិចជាមួយក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ នៅតាមជាយព្រំដែនជាប់ប្រទេសស៉ីរី ខណៈក្រុមមន្រ្តីនិយាយថាក្រុមប្រដាប់អាវុធទាំងនោះ គឺមានទំនាក់ទំនងជាមួយកងជីវពលគាំទ្រអ៉ីរ៉ង់ ដែលស្វែងរកការបំផ្លាញសន្តិសុខរបស់ហ៊្សកដានី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។

កងទ័ពហ៊្សកដានី បានឲ្យដឹងថា ឧក្រិដ្ឋជនបានរត់ឆ្លងព្រំដែនទៅវិញ បន្ទាប់ពីធ្វើឲ្យទាហានខ្លួនមួយចំនួនរងរបួស។ អាវុធដែលរឹបអូសបានរួមមានកាំភ្លើងស្វ័យប្រវត្តិ និងគ្រាប់រ៉ុក្កែត។ សេចក្តីថ្លែងការណ៍យោធាហ៊្សកដានី បានបញ្ជាក់ថា «ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើនឡើងនូវសកម្មភាពទាំងនេះ ដែលប្តូរពីការប៉ុនប៉ងជ្រៀតចូល និងការរត់ពន្ធ ទៅជាការប៉ះទង្គិចប្រដាប់អាវុធ ជាមួយនិងការឆ្លងកាត់ព្រំដែន ហើយកំណត់គោលដៅលើកងកម្លាំងឆ្មាំព្រំដែន»

ដោយឡែក ក្រុមមន្រ្តីហ៊្សកដានី បាននិយាយថា ដូចអ្វីដែលសម្ព័ន្ធមិត្តលោកខាងលិចនិយាយ គឺថាក្រុមហេសប៊ូលឡា ដែលគាំទ្រដោយអ៉ីរ៉ង់នៅលីបង់ និងកងជីវពលដែលកំពុងគ្រប់គ្រងទឹកដីភាគច្រើន នៃភាគខាងត្បូងប្រទេសស៉ីរី នៅតែជាអ្នកនៅពីក្រោយការកើនឡើង នៃការរត់ពន្ធគ្រឿងញៀន និងអាវុធ។

គួរបញ្ជាក់ថា ក្រុមហេសប៊ូលឡា បានច្រានចោលនូវការចោទប្រកាន់ ខណៈអ៉ីរ៉ង់ថាការចោទប្រកាន់នេះ គឺជាផ្នែកមួយនៃផែនការរបស់លោកខាងលិច ប្រឆាំងនឹងប្រទេសរបស់ខ្លួន។ អ្នកជំនាញអង្គការសហប្រជាជាតិ និងមន្ត្រីអាមេរិកនិយាយថា ពាណិជ្ជកម្មគ្រឿងញៀនខុសច្បាប់ បានផ្តល់ហិរញ្ញប្បទានដល់ការពង្រីកខ្លួនរបស់កងជីវពលគាំទ្រអ៉ីរ៉ង់ និងកងកម្លាំងប្រដាប់អាវុធគាំទ្ររដ្ឋាភិបាល ដែលកើតចេញពីជម្លោះជាងមួយទសវត្សរ៍នៅស៉ីរី៕

រូបភាពពី AFP