(ប៉េកាំង)៖ ពេលថ្មីៗនេះ មហាសន្និបាតភាគីហត្ថលេខីនៃ《អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ》លើកទី២៨(COP28)បានបិទបញ្ចប់នៅទីក្រុងឌូបៃ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសកលបានវាយតម្លៃជាទូទៅ ចំពោះសមិទ្ធផលនៃមហាសន្និបាត COP28 ថា នេះគឺជា "កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ" និង "បានមកដោយមិនងាយទេ"។

"មតិឯកភាពអេមីរ៉ាតអារ៉ាប់រួម" ដែលបានឈានដល់ក្នុងមហាសន្និបាតលើកនេះ បានឈានដល់កិច្ចព្រមព្រៀងជាលើកដំបូងស្តីពី "ការធ្វើបរិវត្តកម្មរើបម្រះចេញពីឥន្ធនៈហ្វូស៊ីល"។ ទីភ្នាក់ងារសារព័ត៌មានបារាំងបានថ្លែងថា នេះជាលើកដំបូងដែលប្រទេសនានា បានឯកភាពគ្នាធ្វើបរិវត្តកម្មពីថាមពលហ្វូស៊ីល ចាប់តាំងពីកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនៃអង្គការសហប្រជាជាតិ បានធ្វើឡើងអស់រយៈពេលជិត៣០ឆ្នាំមក។

កិច្ចព្រមព្រៀងនេះគឺបានមកដោយមិនងាយទេ។ មុនពេលនេះ ភាគីនានាបានជជែកដេញដោលគ្នាយ៉ាងក្តៅគគុកអំពីបញ្ហាថា តើត្រូវរំដោះខ្លួនចេញពីឥន្ធនៈហ្វូស៊ីល ក្នុងកម្រិតយ៉ាងណា។ នៅទីបញ្ចប់ "ការធ្វើបរិវត្តកម្មរើបម្រះចេញពីឥន្ធនៈហ្វូស៊ីលតាមរបៀបយុត្តិធម៌ មានសណ្តាប់ធ្នាប់និងសមហេតុផល" ដែលភាគីនានាសុទ្ធតែអាចទទួលយកបាន ត្រូវបានដាក់បញ្ចូលទៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀង។
ក្រៅពីការឈានដល់កិច្ចព្រមព្រៀងស្តីពី "ការធ្វើបរិវត្តកម្មរើបម្រះចេញពីឥន្ធនៈហ្វូស៊ីល" សមិទ្ធផលនៃមហាសន្និបាតក៏រួមមានទាំង៖ បន្ទាប់ពីអនុម័តលើសេចក្តីសម្រេចចិត្តមូលនិធិស្ដីពី "ការខាតបង់និងផលប៉ះពាល់" ដែលប្រទេសកំពុងអភិវឌ្ឍន៍ផ្តួចផ្តើមនៅថ្ងៃដំបូង ក៏បានឈានដល់ការបូកសរុបសកលជាលើកដំបូងបន្ទាប់ពី《កិច្ចព្រមព្រៀងទីក្រុងប៉ារីស》ដោយបូកសរុបនូវសមិទ្ធផលកន្លងមក ហើយបានតម្រង់ទិសយ៉ាងច្បាស់លាស់ដល់ដំណើរជំហានបន្ទាប់ នៃការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល។ ក្នុងនោះ ភាគីចិនបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សានិងការចរចាអំពីគ្រប់ប្រធានបទ ហើយផ្សព្វផ្សាយគំនិតផ្តួចផ្តើមរបស់ប្រទេសចិន​និងជំរុញពហុភាគីនិយមនៅកន្លែងជាច្រើន ដែលបានបំពេញបន្ថែមនូវកម្លាំងចលករនយោបាយដ៏ខ្លាំង ទៅក្នុងភាពជោគជ័យនៃមហាសន្និបាត។ នេះហើយក៏ជាអាកប្បកិរិយាជាប់រហតូរបស់ភាគីចិនដែរ។

នាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍបៃតងនិងកាបូនទាបបានក្លាយជាគំនិតឯកភាពរួមជាសកល។ បណ្តាប្រទេសនានាបានធ្វើ កិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើន ហើយទទួលបានការវិវឌ្ឍរីកចម្រើនមួយចំនួន។ ប៉ុន្តែបើប្រៀបធៀបនឹងបម្រែបម្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ តើត្រូវអនុវត្តសមិទ្ធផលនៃមហាសន្និបាតលើកនេះយ៉ាងដូចម្ដេច ទើបជាកិច្ចការដ៏សំខាន់បំផុត។ ជាបឋម ប្រទេសដែលបញ្ចេញកាបូនច្រើនក្នុងប្រវត្តិសាស្ត្រ ត្រូវតែរ៉ាប់រងទំនួលខុសត្រូវកាន់តែច្រើន ហើយក៏មានសមត្ថភាពកាន់តែខ្លាំងក្នុងការគាំទ្រ ការកាត់បន្ថយការបញ្ចេញកាបូនរបស់ប្រទេសកំពុងអភិវឌ្ឍ។ បន្ទាប់មក គ្រប់បណ្តាប្រទេសគួរតែធ្វើកិច្ចខិតខំយ៉ាងប្រាកដប្រជា ដើម្បីរួមចំណែករបស់ខ្លួនសម្រាប់មនុស្សជាតិរួមគ្នា ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។

លើសពីនេះទៀត ប្រទេសមួយចំនួនតូចមិនគួរ"យកបញ្ហាកាបូនមកបង្ករឿង"ឡើយ។ ក្នុងអំឡុងពេលCOP28 "ពន្ធកាបូន"(CBAM)របស់សហភាពអឺរ៉ុបត្រូវបានរិះគន់ដោយតំណាងចូលរួមមហាសន្និបាត ដែលមកពីប្រទេសនិងតំបន់ជាច្រើនដូចជាប្រេស៊ីល អាហ្វ្រិក ចិននិងឥណ្ឌាជាដើម។ តំណាងអាហ្រ្វិកម្នាក់បានថ្លែងថា "មិនត្រូវយកពន្ធការបូនស្មើគ្នាចំពោះតំបន់ដែលស្ទើរតែគ្មាន ការបញ្ចេញកាបូនក្នុងប្រវត្តិសាស្ត្រ"ទេ។ ភាគីនានាគួរតែរួមគ្នាប្រឆាំងនឹងការដាក់កំហិត លើពាណិជ្ជកម្មនិងការវិនិយោគ ដោយយកការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុធ្វើជាលេស។

ឧបសគ្គរួមរបស់មនុស្សជាតិត្រូវតែពុះពាររួមគ្នា។ ភាគីនានាសុទ្ធតែត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក៏ដូចពាក្យសម្តីរបស់មន្ត្រីអាកាសធាតុមួយរូប របស់អង្គការសហប្រជាជាតិដែលបានលើកឡើងថា "នៅក្នុងប៉ុន្មានឆ្នាំដ៏សំខាន់ខាងមុខ សំឡេងនិងការប្តេជ្ញាចិត្តរបស់អ្នកទាំងឡាយ នឹងមានសារសំខាន់ជាងពេលណាៗទាំងអស់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន