(អង់ការ៉ា)៖ មន្រ្តីការទូតមួយរូបរបស់តួកគី បាននិយាយថា រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានស្នើទៅកាន់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ឲ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើអ៉ីស្រាអែល ដើម្បីបញ្ឈប់ការវាយប្រហារលើតំបន់ហ្គាហ្សា និងតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។

លោក Fidan បានប្រាប់ លោក Blinken ថាស្ថានភាពនៅតំបន់ហ្គាហ្សា និង West Bank គឺកាន់តែអាក្រក់ទៅ ដោយសាតែការវាយប្រហាររបស់អ៉ីស្រាអែល ហើយកាលពីសប្តាហ៍មុន លោកប្រធានាធិបតីតួកគី Tayyip Erdogan ក៏បានប្រាប់ លោកប្រធានាធិបតី ចូ បៃដិន ដែរថា សហរដ្ឋអាមេរិកមានទំនួលខុសត្រូវជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចបានបទឈប់បាញ់នៅហ្គាហ្សា។ លោក Fidan បានសង្កត់ធ្ងន់លើតម្រូវការឲ្យអ៉ីស្រាអែលចូលមកតុចរចា បន្ទាប់ពីមានបទឈប់បាញ់ពេញលេញ ដើម្បីចាប់ផ្តើមដំណើរការឈានទៅសម្រេចបាន នូវសន្តិភាពត្រឹមត្រូវ និងយូរអង្វែង ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។

គួរបញ្ជាក់ថា តួកគីដែលគាំទ្រដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន បានរិះគន់អ៉ីស្រាអែលយ៉ាងចាស់ដៃ ដោយអំពាវនាវរកបទឈប់បាញ់ពេញលេញ ក៏ដូចជាចង់ឲ្យមានការនាំយកមេដឹកនាំអ៉ីស្រាអែល ឡើងតុលាការអន្តរជាតិសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម រួមទាំងបានរិះគន់ការគាំទ្ររបស់លោកខាងលិចចំពោះអ៉ីស្រាអែលផងដែរ៕

រូបភាពពី Reuters