(ប៉េកាំង)៖ នាថ្ងៃសុក្រសប្តាហ៍នេះ ចិននឹងចាប់ផ្តើមធ្វើតេស្តសមត្ថភាពកប៉ាល់ដំបូងបំផុតរបស់ខ្លួន ដែលមានឯកទេសខាងការងាររុករកនិងខួងយកធនធាន ក្រោមបាតសមុទ្រនៅជម្រៅជ្រៅខ្លាំង ដោយវាគឺជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅ ពង្រឹងសមត្ថភាពរុករកប្រេងនិងឧស្ម័ន របស់ប្រទេសមហាអំណាចធំមួយនេះ នៅក្រោមបាតសមុទ្រជ្រៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កប៉ាល់ខាងលើដែលមានឈ្មោះថា Mengxiang អាចធ្វើដំណើរនៅគ្រប់សមុទ្រទាំងអស់ ក្នុងផ្នែកនានានៃពិភពលោក។ វាអាចធ្វើដំណើរបាន ចម្ងាយ២៧,៧៨០គីឡូម៉ែត្រ ហើយធ្វើប្រតិបត្តិការបានរយៈពេល១២០ថ្ងៃជាប់គ្នា ដោយមិនចាំបាច់ត្រូវវិលត្រឡប់ចូលកំពង់ផែនោះឡើយ។ ម៉្យាងវិញទៀត កប៉ាល់ Mengxiang ក៏អាចធ្វើសកម្មភាពខួងបានជម្រៅជ្រៅ រហូតដល់១១,០០០ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រផងដែរ។
គួរបញ្ជាក់ថា ការធ្វើតេស្តសមត្ថភាពនៃកប៉ាល់ខាងលើគឺកើតមាន ស្របពេលដែលភាពតានតឹងបានកើនឡើង នៅសមុទ្រចិនខាងត្បូង ដែលជាសមុទ្រសម្បូរដោយធនធាន។ ដែនសមុទ្រនេះ ស្ថិតក្រោមការទាមទារចំណែកសឹងតែទាំងអស់ដោយចិន ហើយផ្នែកខ្លះរបស់វា ក៏ត្រូវបានទាមទារដោយប្រទេសមួយចំនួនទៀត ដូចជាហ្វីលីពីន វៀតណាម ឥណ្ឌូណេស៉ី ម៉ាឡេស៉ី និងព្រុយណេ ផងដែរ។ សមុទ្រចិនខាងត្បូង ក៏ជាផ្លូវទឹកដែលទំនិញដឹកជញ្ជូនតាមកប៉ាល់ គិតជាទឹកប្រាក់មានទំហំសរុបស្មើជាង៣ទ្រីលានដុល្លារ ត្រូវឆ្លងកាត់ក្នុង១ឆ្នាំៗ ថែមទៀតផង។ យ៉ាងណាមិញ ពុំមានការផ្តល់ព័ត៌មានលម្អិត អំពីទីតាំងសម្រាប់ការធ្វើតេស្តសមត្ថភាព នៃកប៉ាល់ Mengxiang នោះទេ៕