(ហាណូយ)៖ ទីក្រុងវ៉ាស៉ីនតោនបានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការងារជិតស្និទ្ធជាមួយវៀតណាម ទោះបីកាលពីសប្តាហ៍កន្លងទៅនេះ ទីក្រុងហាណូយបានប្រកាសពង្រឹង ចំណងទាក់ទងជាមួយចិនក៏ដោយក្តី ដែលរួមមានទាំងក្នុងវិស័យការពារជាតិនិងសន្តិសុខ ស្របពេលដែល​ប្រទេសកំពូលមហាអំណាចទាំងពីរ កំពុងតែប្រកួតប្រជែងឥទ្ធិពលគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។

នាថ្ងៃចន្ទនេះ លោក Cameron Thomas-Shah អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយ បានឆ្លើយតបសំណួរបស់ទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងដូច្នេះថា «ទំនាក់ទំនងរបស់យើងជាមួយវៀតណាម គឺមិនពាក់ព័ន្ធអំពីប្រទេសទី៣ណាមួយឡើយ។ កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធរបស់យើងជាមួយដៃគូវៀតណាម ដែលគ្របដណ្តប់លើវិស័យជាច្រើន មានទាំងសុខាភិបាល អប់រំ បច្ចេកវិទ្យា ក៏ដូចជាពាណិជ្ជកម្ម នឹងបន្តទៅមុខវែងឆ្ងាយទៀត»។ អាមេរិកក៏កំពុងធ្វើការដើម្បីជំរុញ កិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយប្រទេសវៀតណាមផងដែរ។

គួរបញ្ជាក់ថា ក្រុមថ្នាក់ដឹកនាំនៃប្រទេសវៀតណាម បានប្រកាសដំឡើងកម្រិតទំនាក់ទំនងឱ្យកាន់តែស្និទ្ធស្នាល ជាមួយទីក្រុងប៉េកាំង អំលុងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុន របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង មកកាន់ទីក្រុងហាណូយ ពោលគឺរយៈពេល៣ខែ បន្ទាប់ពីប្រទេសអាស៊ានមួយនេះ បានប្រកាសពង្រឹងទំនាក់ទំនងជាមួយ ទីក្រុងវ៉ាស៉ីនតោន អំលុងទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ សមិទ្ធផលទាំងនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា គឺជាជោគជ័យមួយ ដែលបានមកពី «ការទូតដើមឫស្សី» របស់វៀតណាម។ ក្នុងសេចក្តីប្រកាសរួម ក្រោយទស្សនកិច្ចរបស់លោក ស៉ី វៀតណាមនិងចិនបានប្តេជ្ញាបង្កើន កិច្ចសហប្រតិបត្តិការសន្តិសុខ ដែលរួមមានទាំងរវាងឧស្សាហកម្ម និងភស្តុភារផ្នែកការពារជាតិ៕

រូបភាពពី Reuters