(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង កំពុងស្ថិតក្នុងអាកាសធាតុត្រជាក់បំផុតក្នុងរដូវរងានេះ ដោយសីតុណ្ហភាពនៅទីក្រុងសេអ៊ូល បានធ្លាក់ចុះដល់ -១២.៤អង្សាសេ កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ដោយដកស្រង់ពីទីភ្នាក់ងារឧតុនិយមជាតិ សារព័ត៌មាន Yonhap បានរាយការណ៍ថា សីតុណ្ហភាពនៅក្នុងរដ្ឋធានីកូរ៉េខាងត្បូង អាចធ្លាក់មកនៅចន្លោះពី -៣ទៅ -១៨អង្សាសេ នៅព្រឹកថ្ងៃចន្ទនេះ។ ដោយឡែក កាសែត The Korea Times ក៏បានរាយការណ៍ផងដែរថា អាកាសធាតុត្រជាក់នឹងបន្តពេញមួយសប្តាហ៍ ហើយកម្រិតត្រជាក់បំផុតនៅពេលព្រឹក អាចស្ថិតនៅចន្លោះពី -១៧ដល់ -២អង្សាសេនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា សេចក្តីណែនាំអំពីរលកត្រជាក់បានចូលជាធរមាន សម្រាប់តំបន់ដូចជាទីក្រុងសេអ៊ូល ប៊ូសាន ដាជុន និងដេហ្គូ កាលពីម៉ោង ៩ យប់ថ្ងៃសៅរ៍ចុងសប្តាហ៍មុន ខណៈអាជ្ញាធរក៏បានចេញការព្រមាន អំពីព្រិលធ្លាក់ខ្លាំងសម្រាប់តំបន់ភាគកណ្តាល និងភាគខាងលិចប្រទេសកូរ៉េខាងត្បូង។ រីឯជើងហោះហើរប្រហែល ១០០ក៏ត្រូវផ្អាកដំណើការផងដែរ ដែលភាគច្រើនគឺហោះទៅ និងមកពីកោះជេជូ ដោយសារតែខ្យល់បក់ខ្លាំង ឬព្រិលធ្លាក់៕

រូបភាពពី Reuters