(បាងកក)៖ យោធាថៃបានឱ្យដឹងនៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួនបានផ្តាច់ជីវិត ក្រុមជនសង្ស័យរត់ពន្ធគ្រឿងញៀនចំនួន១៥នាក់ ក្នុងការបាញ់ប្រយុទ្ធតតាំងគ្នាមួយ នៅឯតំបន់ភាគខាងជើងប្រទេស ក្បែរព្រំប្រទល់មីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ការផ្ទុះអាវុធដាក់គ្នាខាងលើបានកើតឡើង កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ក្នុងសង្កាត់ Mae Fah Luang នៃខេត្ត Chiang Rai កៀកនឹងតំបន់គេហៅថា «តំបន់ត្រីកោណមាស» ដែលជាចំណុចប្រសព្វរវាងប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ និងត្រូវគេស្គាល់ជា កន្លែងពោរពេញទៅដោយសកម្មភាពរត់ពន្ធគ្រឿងញៀន យូរមកហើយ។ ក្រោយការប្រយុទ្ធគ្នា កងកម្លាំងទាហានថៃ បានរកឃើញថង់ធំៗចំនួន១៧ថង់ ដែលផ្ទុកថ្នាំញៀនប្រភេទអំហ្វេតាមីន (amphetamine) សរុបជាង២លានគ្រាប់។ អាជ្ញាធរថៃ ពុំទាន់អាចកំណត់អត្តសញ្ញណច្បាស់ថា ជនសង្ស័យទាំង១៥នាក់នោះ ជាជនជាតិថៃទាំងអស់ឬក៏យ៉ាងណា នៅឡើយទេ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាជាប្រទេសធំមួយ ខាងផលិតថ្នាំញៀនប្រភេទអំហ្វេតាមីនខាងលើ ហើយភាគច្រើននៃថ្នាំទាំងនោះ ត្រូវបានលួចដឹកជញ្ជូនឆ្លងកាត់តាមប្រទេសថៃនិងឡាវ។ កាលពីខែកញ្ញា ឆ្នាំនេះ ជនរត់ពន្ធគ្រឿងញៀនម្នាក់ និងមន្រ្តីប៉ូលិសថៃម្នាក់ បានបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នា ខណៈកាលពីមួយឆ្នាំមុន ជនសង្ស័យ១៥នាក់ ត្រូវបានបាញ់ស្លាប់ ដោយយោធាថៃ នៅខេត្ត Chiang Rai អំលុងពេលដែលពួកគេព្យាយាមឆ្លងព្រំដែនដោយថ្មើរជើង៕
រូបភាពពី AFP