(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi និងមន្រ្តីជាន់ខ្ពស់ការបរទេសកូរ៉េខាងជើង នាថ្ងៃចន្ទនេះ បានបង្ហាញពីការគាំទ្រនិងការជឿទុកចិត្តគ្នាយ៉ាងរឹងមាំ ក្នុងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ អំលុងកិច្ចជួបពិភាក្សានៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងជំនួបជាមួយលោក Pak Myong Ho អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង លោក Wang បានលើកឡើងយ៉ាងដូច្នេះថា «ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកូរ៉េខាងជើង គឺជាវត្ថុដ៏មានតម្លៃមួយ ដែលចែករំលែករួមគ្នារវាងភាគីទាំងពីរ។ ចំពោះមុខស្ថានការណ៍អន្តរជាតិ ដែលជួបភាពប្រែប្រួលមិននឹងនរ ចិននិងកូរ៉េខាងជើង បានគាំទ្រនិងជឿជាក់គ្នាទៅវិញទៅមកយ៉ាងរឹងមាំជានិច្ច ដែលស្តែងឱ្យឃើញពីសារសំខាន់ជាយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការទ្វេភាគីមានលក្ខណៈជាមិត្ត រវាងប្រទេសទាំងពីរ»។ លោក Wang ក៏បានបង្ហាញពីឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងការទាក់ទងគ្នា ឱ្យកាន់តែរឹងមាំថែមទៀត ជាមួយកូរ៉េខាងជើង នៅក្នុងផ្នែកជាច្រើនផងដែរ។
គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ កូរ៉េខាងជើង ទើបតែបានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM សាជាថ្មីម្តងទៀត ដែលជាហេតុនាំឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ចេញមុខថ្កោលទោសសកម្មភាពនោះ។ បន្ទាប់ពីបិទព្រំដែនអស់រយៈពេលប៉ុន្មានឆ្នាំ ដោយសារវិបត្តិកូវីដ១៩ នាពេលនេះ ទីក្រុងព្យុងយ៉ាង កំពុងតែបង្ហាញសញ្ញាបើកចំហឡើងវិញ ដោយមេដឹកនាំកំពូល លោក គីម ជុងអ៊ុន ព្រមទាំងក្រុមមន្រ្តីក៏ដូចជាអត្តពលិកកូរ៉េខាងជើង បាននាំគ្នាធ្វើដំណើរនិងចេញទៅបំពេញទស្សនកិច្ច នៅឯក្រៅប្រទេសជាបន្តបន្ទាប់៕
រូបភាពពី Reuters