(គែរ)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា មន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្កាហ្សា កំពុងព្យាយាម រក្សាសមត្ថភាពព្យាបាលរបួសជាមូលដ្ឋាន ហើយមិនមានឈាមសម្រាប់សង្រ្គោះជីវិត និងបុគ្គលិកគ្រប់គ្រាន់សម្រាប់ថែទាំអ្នកជំងឺជាប្រចាំនោះទេ។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីមានការចុះពិនិត្យរបស់អង្គការសហប្រជាជាតិ (UN) ដើម្បីផ្តល់ថ្នាំ និងផ្គត់ផ្គង់ផ្នែកវះកាត់ ក្រុមការងារនៃ UN ក៏បានពណ៌នាពីស្ថានភាពរបស់នាយកដ្ឋាន សង្គ្រោះបន្ទាន់ នៅក្នុងមណ្ឌលសុខភាពសំខាន់ៗនៃតំបន់ជុំវិញថាគ្នាស្រដៀងទៅនឹង «ស្ថានការណ៍បង្ហូរឈាមដូច្នោះដែរ»

WHO បានឲ្យដឹងថា មានជំងឺរបួសរាប់រយនាក់នៅក្នុងមន្ទីរពេទ្យស្រាប់ ដោយត្រឹមតែក្នុង ១នាទីមានអ្នកថ្មីៗមកដល់ទៀត និងត្រូវដេររបួសនៅលើឥដ្ឋផ្ទាល់ដោយ គ្មានថ្នាំបំបាត់ការឈឺចាប់។ មានតែមន្ទីរពេទ្យចំនួន ៤ ក្នុងចំណោម ២៤ប៉ុណ្ណោះ ដែលនៅដំណើរការនៅឯភាគខាងជើងតំបន់ហ្កាហ្សា ហើយ ៣កន្លែងក្នុងចំណោម នោះទៀតសោតគឺស្ទើរតែមិនអាចដំណើរការបាន។

គួរបញ្ជាក់ថា WHO កំពុងប្រមូលព័ត៌មានបន្ទាន់ៗនៅមន្ទីរពេទ្យ Kamal Adwan ជាកន្លែងដែលអាជ្ញាធរតំបន់ហ្កាហ្សាចោទថា កងកម្លាំងអ៉ីស្រាអែលក្នុងសប្តាហ៍នេះ បានប្រើគ្រឿងចក្រឈូសឆាយ ដើម្បីកម្ទេចតាមបរិវេណដែលពួកគេចោទថាត្រូវបានប្រើដោយក្រុមហាម៉ាស។ ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ត្រូវបានគេជឿជាក់ថា ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សានៅឡើយ បន្ទាប់ពីកងកម្លាំងអ៉ីស្រាអែលរុញច្រានប្រជាជនភាគច្រើនទៅកាន់ភាគខាងត្បូង អំឡុងថ្ងៃដំបូងនៃយុទ្ធនាការទម្លាក់ គ្រាប់បែក និងសង្គ្រាមជើងគោកដែលបានចាប់ផ្តើមសងសឹកនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា៕

រូបភាពពី Reuters