(វ៉ាស៊ីនតោន)៖ រថយន្តមួយគ្រឿង បានបើកបុកជាមួយរថយន្ដមួយគ្រឿងផ្សេងទៀត ដែលស្ថិតនៅក្នុងក្បួនរថយន្ដរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ខណៈរូបលោក និងភរិយាធ្វើដំណើរចាកចេញពីទីស្នាក់ការកណ្ដាលយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកក្នុងរដ្ឋ Delaware។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។

សំឡេងបុកទង្គិចយ៉ាងខ្លាំង បង្កឡើងដោយរថយន្ដមួយគ្រឿងបើកបុកជាមួយរថយន្ដ SUV មួយគ្រឿង ដែលចតធ្វើជារនាំងនៃក្បួនរថយន្ត ស្ថិតនៅចម្ងាយ ប្រហែល ៤០ម៉ែត្រ ពីលោក ចូ បៃដិន។ ប៉ុន្តែ លោក ចូ បៃដិន និងភរិយា ត្រូវបានកងអង្គរក្សសម្ងាត់នាំទៅកាន់កន្លែងមានសុវត្ថិភាព ហើយអ្នកទាំង២ ក៏មិនបាន រងរបួសអ្វីនោះដែរ។ «លោកប្រធានាធិបតី និងជំទាវទីមួយមានសុវត្ថិភាព»។ នេះជាការបញ្ជាក់យ៉ាងខ្លីរបស់មន្ត្រីសេតវិមានម្នាក់ប្រាប់អ្នករាយការណ៍ព័ត៌មាន AFP។

គួរបញ្ជាក់ថា មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃហេតុការណ៍ខាងលើនៅឡើយទេ ដោយគ្រាន់តែគេដឹងថាកងអង្គរក្សសម្ងាត់អាមេរិកបានឡោមព័ទ្ធរថយន្ដ នោះភ្លាមៗ និងភ្ជង់កាំភ្លើងដាក់ម្ចាស់រថយន្ដដែលបានលើកដៃឡើងលើ៕