(ម៉ានីល)៖ មនុស្សរាប់ម៉ឺននាក់ នៅក្នុងប្រទេសហ្វីលីពីនបានជម្លៀសខ្លួនទៅកាន់ទីជម្រកមានសុវត្ថិភាពជាបណ្ដោះអាសន្ន នៅថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ ខណៈព្យុះត្រូពិក Jelawat បានវាយប្រហារលើតំបន់មួយផ្នែកធំនៃកោះ Mindanao នៃភាគខាងត្បូងប្រទេស ចំពោះមុខការព្រមានពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អាជ្ញាធឧតុនិយមហ្វីលីពីន បានឱ្យដឹងថាព្យុះត្រូពិក Jelawat បានបក់បោកក្នុងល្បឿនខ្យល់ ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង និងចាប់ផ្ដើមវាយប្រហារលើ ដីគោក នៅព្រឹកថ្ងៃចន្ទនេះ។ ចំណែក ក្រុមអ្នកជួយសង្រ្គោះនៅក្នុងតំបន់វិញ បាននិយាយថាភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួស និងការខូចខាតនោះទេ។ ប៉ុន្តែ ប្រជាជន ១១,៧២៩នាក់ ត្រូវបានជម្លៀសចេញពីឆ្នេរភាគខាងកើត និងភាគខាងជើងនៃកោះ Mindanao មុនព្យុះបក់បោកមកដល់ និងជាវិធានការបង្ការទុកជាមុន ហើយការធ្វើដំណើរតាមផ្លូវទឹកក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ។

គួរបញ្ជាក់ថា ហ្វីលីពីន តែងតែរងគ្រោះដោយសារតែខ្យល់ព្យុះតូចធំ យ៉ាងហោច ២០ ក្នុងមួយឆ្នាំៗ។ ប៉ុន្តែ Jelawat គឺជាព្យុះទី១១ប៉ុណ្ណោះដែល វាយប្រហារហ្វីលីពីន ក្នុងឆ្នាំ២០២៣នេះ ដែលនេះជាកំណត់ត្រាទាបមួយនៃព្យុះចាប់តាំងពីឆ្នាំ១៩៩៨មក៕

រូបភាពពី AFP