(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ (​ម៉ោងនៅញូវយ៉ក) នឹងធ្វើការបោះឆ្នោតលើដំណោះស្រាយថ្មីមួយ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ហ្កាហ្សា ក្រោយទីក្រុងវ៉ាស៊ីនតោនព្រមានអ៉ីស្រាអែលថាកំពុង ប្រឈមមុខនឹងការបាត់បង់ការគាំទ្រពីអន្តរជាតិ ដោយសារតែការទម្លាក់គ្រាប់បែកមិនរើសមុខនៅហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ការបោះឆ្នោតខាងលើ នឹងកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយអំពាវនាវឱ្យមាន បទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ដោយទាំងអាមេរិក និងអ៉ីស្រាអែលយល់ថាបទឈប់បាញ់នៅពេលនេះនឹងផ្ដល់ផលចំណេញដល់ក្រុមហាម៉ាស។

នៅក្នុងការបោះឆ្នោតលើដំណោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុន ក៏សហរដ្ឋអាមេរិក នៅតែបោះឆ្នោតប្រឆាំងជំទាស់ដដែល ខណៈប្រទេស ១៥៣ ក្នុងចំណោមប្រទេសជាសមាជិក UN ទាំង១៩៣ បានបោះឆ្នោតគាំទ្រលើដំណោះស្រាយ អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ តាមទីភ្នាក់ងារសារព័ត៌មាន AFP ដំណោះស្រាយថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខត្រូវបានព្រាងឡើងដោយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងប្រកបដោយនិរន្តរភាព ដើម្បីអនុញ្ញាតដល់ផ្ដល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព ចូលទៅកាន់តំបន់ហ្កាហ្សា។ សេចក្ដីព្រាងដំណោះស្រាយនេះ ក៏បានបញ្ជាក់ឡើងវិញដែរពីជំហរគាំទ្រដំណោះស្រាយរដ្ឋ២ និងសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្រួបបង្រួមរវាងតំបន់ហ្កាហ្សា និងតំបន់ West Bank នៅក្រោមការដឹកនាំដោយ អាជ្ញាធរប៉ាឡេស្ទីន។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលតំបន់ហ្កាហ្សា ជនជាតិប៉ាឡេស្ទីនជាង ១៨,៨០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងកុមារ ត្រូវបានសម្លាប់ ចាប់តាំងពីអ៉ីស្រាអែលទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា​ ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងអ៉ីស្រាអែលដោយសម្លាប់មនុស្ស ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្សជាច្រើននាក់ ជាចំណាប់ខ្មាំង។ តែទោះជាបែបនេះក្ដី ប្រមុខអង្គការសហប្រជាជាតិបានរិះគន់អ៉ីស្រាអែលថាមិនអាចយកការវាយប្រហាររបស់ក្រុមហាម៉ាស មកធ្វើជាសំអាងដើម្បី ដាក់ទណ្ឌកម្មលើជនជាតិប៉ាឡេស្ទីនទាំងអស់នោះទេ៕

រូបភាពពី AFP